ខណ្ឌដូនពេញ កំពត តាខ្មៅ ជាប់ជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាន
ពិតជាមានមោទនភាពខ្លាំងណាស់ ដែលទីក្រុងរបស់កម្ពុជាចំនួន ៣ បានជាប់ជាទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាន ដែលទីក្រុងទាំងនោះរួមមាន ៖ ខណ្ឌដូនពេញ ( រាជធានីភ្នំពេញ ), ទីក្រុងកំពត និង ទីក្រុងតាខ្មៅ ។ ហើយពិធីផ្តល់ជូនជ័យលាភីទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ាននេះ បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០នេះ នៅក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ ។
នៅក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២០នេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានប្រគល់រង្វាន់ជ័យលាភី ដល់ទីក្រុងស្អាតអាស៊ានចំនួន ២១ នៅក្នុងតំបន់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឆ្លើយតបនឹងសូចនាកររបស់ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ។
ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និង បង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និង សេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និង ភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ។
គួរបញ្ជាក់ផងដែរថា ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និង ដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥ ៕
( ប្រភព៖ ក្រសួងទេសចរណ៍ )