នៅឆ្នេរខ្សាច់វត្តសរសរ ១០០ អាចបោះតង់ អាំងសាច់ មើលថ្ងៃរៀបលិចបានយ៉ាងរីករាយ
រមណីយដ្ឋានឆ្នេរខ្សាច់វត្តសរសរ១០០ ជារមណីយដ្ឋានថ្មីមួយ ដែលត្រូវបានមន្ទីរទេសចរណ៍ខេត្តរៀបចំបង្កើតឡើង នៅដើមឆ្នាំ ២០២០នេះ ហើយនៅពេលនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។ ឆ្នេរខ្សាច់វត្តសរសរ១០០ គឺមានទីតាំងស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលមានទីតាំងនៅមិនឆ្ងាយពីវត្តសសរ១០០ នោះ៉ប៉ុន្មានឡើយ ។
មន្ទីរទេសចរណ៍ខេត្តក្រចេះ បានសហការជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បានរៀបចំទីតាំង ឆ្នេរខ្សាច់វត្តសរសរ១០០ ឱ្យទៅជាកន្លែងរមណីយដ្ឋានថ្មីមួយ នៅលើទំហំដី ២ ហិកតា ដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ។ ឆ្នេរខ្សាច់វត្តសរសរ១០០នេះនឹង អាចជួយកាត់បន្ថយការកកស្ទះភ្ញៀវទេសចរនៅរមណីយដ្ឋានកាំពី ហើយ ភ្ចាប់ការទស្សនាពីវត្តសរសរ១០០ ទៅសហគមន៍អេកូទេសចរណ៍ និង អន្លង់ផ្សោតកោះផ្តៅ ថែមទាំងមានការទាក់ទាញភ្ញៀវមកទស្សនានៅខេត្តក្រចេះ ឱ្យបានច្រើនបន្ថែមទៀត ។
លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យអ្នកសាព័មានដឹងនាពេលកន្លងទៅនេះថា បច្ចុប្បន្នមានភ្ញៀវទេសចរជាតិ និង អន្តជាតិទៅលេងនៅទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០នេះយ៉ាងច្រើន នៅក្នុងរដូវបុណ្យចូលឆ្នាំសាកល នាពេលកន្លងទៅ ។ លោកប្រធានមន្ទីរសង្ឃឹមថា ក្រោយពីរៀបចំរួចរាល់ជាស្ថាពរហើយនោះ រំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅលេងកម្សាន្តឱ្យបានច្រើនថែមទៀត ៕