កវីនិពន្ធអក្សរសិល្ប៍ខ្មែរ និងជាអ្នកដឹកនាំរឿងកាកី ដ៏ល្បីល្បាញ បានទទួលមរណៈភាពហើយ
វីរសិល្បករព្រឹទ្ធាចារ្យ ប៊ីវ ឆៃលាង បានទទួលមរណភាពនៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង៥៥នាទី រំលងអាធ្រាត នាគេហដ្ឋានរបស់លោក នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ ។
នៅសម័យឯករាជ្យ លោកប៊ីវ ឆៃលាង ជាអ្នកនិពន្ធមួយរូបដ៏ល្បីល្បាញខ្លាំងក្លា ។ លោកកើតនៅថ្ងៃ៤ ខែតុលា ឆ្នាំ១៩៣០ ក្នុងភូមិជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរ ជាមួយមិត្តអ្នកនិពន្ធខ្មែរទៀតនៅឆ្នាំ១៩៥៦ និងធ្លាប់បានជាប់ឆ្នោតជាសមាជិកក្រុមអភិបាលចំនួន២លើក។ ពីឆ្នាំ១៩៥១ ដល់ ១៩៦៧ លោកបាននិពន្ធបោះពុម្ពផ្សាយ១៨ប្រលោមលោក និងរឿងល្ខោន និងបានក្លាយជាចាងហ្វាងផលិតកម្ម ឥន្ទ្រទេវីភាពយន្ត ហើយលោកយកប្រលោមលោកជាស្នាដៃផ្ទាល់ទៅថតជាខ្សែភាពយន្ត ។
ក្រោយពីស្រុកខ្មែរធ្លាក់ក្នុងរដ្ឋអំណាចខ្មែរក្រហម គឺតាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៧៦ លោកបានមករស់នៅប្រទេសបារាំង ហើយក៏ចាប់ផ្ដើមសមាគមវប្បធម៌មួយមាននាមថា ឥន្ទ្រាទេវី ដោយមានក្រុមរបាំប្រជាប្រិយ និងបុរាណ ហើយបានសម្ដែងរហូតមកដល់ឆ្នាំ១៩៩៣ ចំនួន១១៤លើក នៅ ប្រទេសបារាំងនិងអឺរ៉ុបនិងក្នុងមហោស្រពអន្តរជាតិ ។ លោកបានបោះពុម្ពឡើងវិញនូវប្រលោមលោកណាដែលលោកបានរកឃើញនៅបណ្ណាគារនានា នៅប្រទេសបារាំងនិងនៅសហរដ្ឋអាមេរិក ហើយពិតមែនតែលោកឃ្លាតឆ្ងាយពីស្រុកខ្មែរក៏ដោយ លោកនៅតែរក្សាខ្ជាប់នូវការនិពន្ធតទៅទៀត ។
ស្នាដៃភាពយន្តជាច្រើនរបស់លោកសុទ្ធសឹងតែមានឈ្មោះល្បីល្បាញពេញប្រទេសកម្ពុជានិងនៅបរទេសយ៉ាងច្រើនអស្ចារ្យ ហើយខ្សែភាពយន្តទាំងនោះនៅតែដក់ជាប់ក្នុងចិត្តប្រជាទស្សនិកជនគ្រប់រូបដោយមានជាអាទិ៍ដូចជា ៖ រឿង កងកម្មកងកែវ , កាកី , នាងសក់ក្រអូប , ព្រះនាងពិម្ពាសរជាតិ , ទាវឯក , ការកេត , កាលណាផ្ការីក , ព្រះមហាមោគ្គលានជាដើម ។
ការបាត់បង់នេះជាការសោកស្តាយរកអ្វីប្រៀបផ្ទឹមមិនបាន នូវព្រឹទ្ធចារ្យរៀមច្បងដែលមានស្នាដៃកំពូលមួយរូបក្នុងវិស័យអក្សរសាស្រ្ត និងភាពយន្តខ្មែរ ៕