ប្តីបើចេញចរិតបែកឆ្វេង ៥ យ៉ាងនេះ ប្រពន្ធប្រញាប់ប្តឹងលែងចោលទៅ កុំទ្រាំនាំគ្រាំចិត្តទេ
បើត្រឹមសេពគប់គ្នាក្នុងឋានៈជាសង្សាចង់បែកគ្នាជារឿងងាយ ព្រោះមិនទាន់មានចំណងណាមួយចងរឹតជាដុំកំភួនឡើយ ប៉ុន្តែបើជីវិតជាប្តីប្រពន្ធមិនងាយនោះទេ ព្រោះមានចំណងជាច្រើនបានចងរឹតខ្លួន ចង់លែងលះគ្នាក៏មិនមែនជារឿងងាយស្រួល ។ យ៉ាងណាមិញបើសិនជាភាគីណាមួយធ្វើឱ្យអស់ចិត្តហើយនោះ សូមកុំនៅត្រាំត្រែងនាំគ្រាំចិត្តធ្វើអីទៀត ជម្រើសលែងលះគឺល្អបំផុត ។ ឧទាហរណ៍ បើអ្នកមានប្តី ហើយប្តីរបស់អ្នកបែកឆ្វេងមានមានស្រីក្រៅ និង ចេញចរិត ៥ យ៉ាងនេះហើយ សូមនាងជាប្រពន្ធប្រញាប់រូតរះដាក់ពាក្យលែងលះទៅ ។
១. មានស្រី បាយទឹកនៅផ្ទះលែងឆ្ងាញ់ដូចមុន
កាលពីដើម ម្ហូបម្ហាបាយទឹកនៅផ្ទះគឺឆ្ងាញ់គ្រប់មុខ ព្រោះជាស្នាដៃរបស់ប្រពន្ធជាទីស្រឡាញ់ធ្វើឱ្យមិនរំលងមុខណាមួយឡើយ ប៉ុន្តែចាប់តាំងពីមានស្រីនៅក្រៅ បាយហាងញឹកញាប់ល្អូកល្អិនជាមួយស្រី បាយទឹកទៅផ្ទះលែងឆ្ងាញ់ ញ៉ាំមិនចូល ម្ហូបដដែលៗខ្សោះ ញ៉ាំមិនកើត ស្រួលមិនស្រួលឈ្លោះរករឿងប្រពន្ធកូនទៀត ។
២. មានស្រី ចេះកិបកេងលុយ ចាយលុយខ្ជះខ្ជាយ
ធ្លាប់តែបើកប្រាក់ខែឱ្យប្រពន្ធអស់ៗ ប៉ុន្តែពេលមាននាងអូននៅខាងក្រៅស្អាតជាង តម្រូវការក៏ច្រើនដូចជាទឹកអប់ប្រេងម្សៅដើម្បីខ្លួនខ្ញង់នោះ ប្តីចាប់ផ្តើមចេះលួចកិបកេងលុយប្រាក់ខែដើម្បីធ្វើខ្លួនឱ្យលូយ សង្ហា ហើយលុយមួយកញ្ចប់ទៀតយកទៅផ្គត់ផ្គង់ស្រីឥតខ្វល់ប្រពន្ធនៅផ្ទះត្រូវរ៉ាប់រងបន្ទុកអ្វីខ្លះទេ សំខាន់ឱ្យតែខ្លួន និង នាងអូននៅខាងក្រៅនោះបានស្អាត និង ឡូយឆាយគឺគ្រប់គ្រាន់ ។
៣. មានស្រី ប្រពន្ធនៅផ្ទះធ្វើអីក៏ខុស សូម្បីដកដង្ហើម
ធ្លាប់តែពិភាក្សាគិតពីផែនការជីវិតរួមគ្នា ជួយគ្នាធ្វើយ៉ាងណាឱ្យគ្រួសារមានបាន និង រស់ស្រួល ប៉ុន្តែពេលប្តីមានស្រីអ្វីៗមិនដូចមុនឡើយ គិតក៏គិតម្នាក់ឯង ធ្វើក៏ធ្វើម្នាក់ឯក ធ្វើហើយនៅខុសទៀត ។ រឿងរ៉ាវដែលធ្លាប់ធ្វើពីមុនត្រូវ ពេលនេះធ្វើអ្វីក៏ខុសៗ សូម្បីដកដង្ហើមក៏ខុស ព្រោះឥទ្ធិពលស្រីនៅក្រៅនោះបាំងមុខជិតអស់ ។
៤. មានស្រី ចេញចរិតមួម៉ៅចេះប្រើហិង្សា
ក្តីស្រឡាញ់ប្រពន្ធ និង កូន ដែលធ្លាប់តែមានកន្លងមក ក៏សាបរលាបអស់ម្តងបន្តិចៗ បន្ទាប់ពីវត្តមានស្រីក្រៅចូលក្នុងចិត្ត និង បាំងមុខ ។ ពេលយើងសួរនាំតិចតួច និង ចាប់បានកំហុសគេក្បត់នៅនឹងមុខហើយនោះ គេបែរជាបង្វែរទិស និង មិនទទួលកំហុស ហើយយកលេសនេះលេសនោះឥតដាច់ ថាមិនមែនដូចគិត គ្រាន់តែជាមិត្តរាប់អានគ្នា សួរដេញដោលច្រើនខឹងឆេវ ផ្តើមប្រើអំពើហិង្សាលើប្រពន្ធ មុខកូនមិនមើលទោះឈឺជាក៏មិនខ្វល់ រួចហើយយកលេសចេញក្រៅថាមកដល់ផ្ទះម្តងណាធុញៗ តាមពិតយកពេលទៅកៀកកើយណាត់ស្រីដើរហាងញ៉ាំអីជាមួយគ្នាធ្វើព្រងើយ ។
៥. មានស្រី ប្តីលែងទទួលខុសត្រូវ
ធ្លាប់តែជាប្តីល្អ មានទំនួលខុសត្រូវខ្ពស់លើគ្រួសារ ស្រឡាញ់យកចិត្តទុកដាក់លើប្រពន្ធកូន និង ឪពុកម្តាយទាំងសងខាង រកចំណូលផ្គត់ផ្គង់គ្រួសារ ចង់មានចង់បានឱ្យគ្រួសាររស់ស្រួល បែរជាលែងរវីរវល់ខ្វល់ខ្វាយទៀត ព្រោះស្រីក្រៅសំខាន់ជាងប្រពន្ធកូន និង ឪពុកម្តាយ ។ ពេលអ្នកផ្ទះនិយាយណែនាំឱ្យត្រលប់មកគិតពីគ្រួសារវិញ ក៏មិនស្តាប់រឹតតែបំពានខ្លាំងឡើង ហើយយកប្រពន្ធដែលធ្លាប់បម្រើសព្វគ្រប់រាប់តាំងពីរឿងលើគ្រែធ្វើជាសត្រូវសួរពូជទៀត ។
ណ្ហើយប្តីប្រភេទនេះ! បើដើរផ្លូវជីវិតរួមគ្នាទៀតក៏គ្មានលទ្ធផលល្អទៀតដែរ បានមកវិញត្រឹមតែភាពគ្រាំចិត្ត ឈឺចាប់ ហួសថ្លែង បើគេគិតថាស្រីក្រៅល្អជាយើងជាប្រពន្ធហើយ នៅត្រាំត្រែងធ្វើអ្វីទៀត ដាក់ពាក្យប្តឹងលែងក្បាលចោលទៅ ៕