Toyota ចេញឡាន C-HR GR Sport ថ្មី មុខរឹតតែកាច
Toyota បានបញ្ចេញរថយន្ត C-HR GR Sport ថ្មី សម្រាប់ទីផ្សារប្រទេសជប៉ុន ដោយអាប់ដេតលើប៉ាណាមុខ , រន្ធបឺតខ្យល់មុខ , ចង្កៀងមុខ-ក្រោយ ដែលមើលទៅរឹតតែស្ព័រ និង កាចជាងម៉ូដែល C-HR ធម្មតា ។
មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតកាប៊ីនខាងក្នុង ដោយបន្ថែមការរចនាពណ៌ត្នោត Orchid Brown , កៅអីស្ព័រ , ដៃចង្កូតរាងតូចជាងមុន , ឡូហ្គូ GR លើកៅអី ដៃចង្កូត និង ប៊ូតុងបញ្ឆេះម៉ាស៊ីនជាដើម ។ ក្នុងនោះដែរ វាបានប្រើប្រព័ន្ធបង្ហាញព័ត៌មាន-កម្សាន្ត Display Audio ថ្មី ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បានផងដែរ ។
រថយន្ត C-HR GR Sport ថ្មី នៅតែបំពាក់បច្ចេកវិទ្យា Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Autonomous Emergency Braking, Adaptive Cruise Cntrol និង Lane Keeping Assist ជាដើម ។
សូមបញ្ជាក់ថា Toyota C-HR GR Sport សម្រាប់ទីផ្សារប្រទេសជប៉ុននេះ ប្រើម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១១៥ សេះ និង ម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រ មានកម្លាំង ១២២ សេះ ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ២១ ៨០០ ដុល្លារ ដល់ ២៨ ៥០០ ដុល្លារ ៕
ប្រភព ៖ paultan