តំបន់ទេសចរណ៍ ៥ កន្លែង នៅខេត្តរតនគិរី មានភាពទាក់ទាញខ្លាំង
ចំពោះអ្នក ដែលចង់ទៅដើរកម្សាន្តនៅខេត្ត រតនគិរី ចាំបាច់ត្រូវដឹងពីទីកន្លែងទេសចរណ៍ ដែលមាន នៅក្នុងខេត្តនេះ ជាពិសេសដឹងពីកន្លែង ដែលអំណោយផលល្អក្នុងការដើរកម្សាន្តព្រមទាំងមានទេសភាពដ៏ស្រស់ស្អាតទាក់ទាញអារម្មណ៍ភ្ញៀវ បានទៅម្តងហើយ ចង់ទៅម្តងទៀត មិនជិនណាយឡើយ ។ ខេត្តរតនគិរីមានតំបន់ទេសចរណ៍ចំនួន ១៤ កន្លែង ប៉ុន្តែមាន ៥ កន្លែង ដែលទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ ។
តំបន់ទេសចរណ៍ធម្មជាតិរតនគិរី មានចំនួន ១៤ កន្លែងដូចជា បឹងយក្សឡោម , ទឹកជ្រោះកាចាញ , ភ្នំឥសីបតមៈ ស្ថិតក្នុងក្រុងបានលុង , ទឹកជ្រោះចាអ៊ុង , វាលថ្មរំប្លង់ ស្ថិតក្នុងស្រុកអូរជុំ, ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ , ទឹកជួរតាតតៃ , បឹងលំកុដ , យក្សឱម , យក្សការ៉ា , ជម្រកសត្វព្រៃ ស្ថិតក្នុងស្រុកលំផាត់, ឧទ្យានជាតិវីរជ័យ ស្ថិតក្នុងស្រុកតាវែង និង ស្រុកវើនសៃ ទឹកជួរទឹង ស្ថិតក្នុងស្រុកតាវែង កោះសំពៅ ស្ថិតក្នុងស្រុកកូនមុំ ។
អ្វីដែលគួរកត់សម្គាល់នោះគឺក្នុងចំណោមតំបន់ទេសចរណ៍ទាំង ១៤ នៅក្នុងខេត្តរតនគិរីគឺមានតំបន់ទេសចរណ៍ចំនួន ៥ កន្លែង ដែលមានភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅកម្សាន្តច្រើនជាងគេគឺ បឹងយក្សឡោម , អូរសិនលែរ៍ , ទឹកជ្រោះកាចាញ , ទឹកជ្រោះចាអ៊ុង និង ទឹកជួរតាតតៃ ដែលមានភ្ញៀវទេសចរទៅលេងក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់ ។ ដោយឡែក បឹងយក្សឡោមមានភ្ញៀវទេចរទៅលេងច្រើនជាងគេ ។
ខេត្តភាគឦសានដីក្រហមមួយនេះ នៅឆ្ងាយដាច់ស្រយាលជាងគេពីរាជធានីភ្នំពេញ ដែលមានចម្ងាយផ្លូវប្រវែង ៥៨៨ គីឡូម៉ែត្រ បើគិតពីរាជធានីទៅ ប៉ុន្តែខេត្តនេះបានប្រែមុខមាត់ថ្មី លើវិស័យទេសចរណ៍ ជាខ្លាំង ពោលគឺមានភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តជាហូរហែ ពិសេសថ្ងៃឈប់សម្រាក និង ថ្ងៃបុណ្យទានផ្សេងៗ ៕