ទៅខេត្តបន្ទាយមានជ័យលើកក្រោយ ទៅលេងរមណីយដ្ឋានសួនស្នេហ៍ជនបទម្តងហើយ
នៅខេត្តបន្ទាយមានជ័យ ក្រៅពីមានតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និង ទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើននោះ ទឹកដីដ៏ស៊ីវីល័យនៅទិសពាយព្យជាប់ព្រំប្រទល់ កម្ពុជា-ថៃ មួយនេះ ក៏មានរមណីយដ្ឋានទេសចរណ៍កែច្នៃមួយទៀត ដែលពេញនិយម មានឈ្មោះថា រមណីយដ្ឋាន សួនស្នេហ៍ជនបទ ត្រូវបានគេរៀបចំលើផ្ទៃដីទំហំជាង ៤ ហិកតា ស្ថិតនៅជាប់នឹងជើង ភ្នំខ្លាកូន ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
រមណីយដ្ឋានសួនស្នេហ៍ជនបទ មានទេសភាពធម្មជាតិកែច្នៃដ៏ស្រស់បំព្រង បែបព្រៃភ្នំជនបទលម្អទៅដោយសួនច្បារតូចៗកន្លែងអង្គុយលេងកម្សាន្តមានបង់ រោង និង ខ្យូសតម្រៀបគ្នាជាជួរ និង មានរូបចម្លាក់សត្វព្រៃ សត្វស្រុកជាច្រើនលាក់ខ្លួនតាមគុម្ពផ្កា។ នៅឆ្វេងដៃខាងក្រោយខ្លោងទ្វារចូល ក៏មានរូបចម្លាក់បុរសស្រ្តីក្នុងឈុតរៀបការ ដែលមានប្រឡង់មុខចំហ ទុកឱ្យអ្នកមកទស្សនាដាក់មុខចូល ដើម្បីថតរូបលេងផងដែរ ។
សួននេះបានទាក់ទាញភ្ញៀវទេសចរឱ្យចូលកម្សាន្តយ៉ាងច្រើន មានទាំងភ្ញៀវអន្តរជាតិ និង អន្តរជាតិដែលភ្ញៀវចូលទៅទស្សនាជាច្រើន បាននាំគ្នាទៅថតរូបលេងកម្សាន្ត ។ ការតុបតែងដ៏ត្រជាក់ភ្នែក ដែលបានប្រែក្លាយអតីតដីជំរាលភ្នំមួយនេះឱ្យក្លាយទៅជាទីទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិឆ្លងកាត់ខេត្តនោះ ចូលទៅទស្សនាកម្សាន្ត និង ភ្លក្សរសជាតិអាហារស្រុកស្រែចម្ការ មានមាន់ស្រែ និង ត្រីស្រស់ៗពីស្រះធម្មជាតិ ។ រមណីយដ្ឋាននេះ លេចរូបរាងដំបូងក្រោមរូបភាពជាកន្លែងកម្សាន្តរបស់គ្រួសារឯកជនមួយនៅ ឆ្នាំ ២០០៦ នៅលើផ្ទៃដីចំនួនមិនដល់១ហិកតាផង ប៉ុន្តែក្រោយមកក៏បានប្រែក្លាយទីនោះឱ្យទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ ៕