លេចរូបរាងឡានក្រុងវៀតណាម VinFast ដំបូងបង្អស់
រថយន្តក្រុងដែលបំពាក់ស្លាកឡូហ្គូ VinFast មួយគ្រឿង បានបង្ហាញខ្លួននៅតំបន់រមណីយដ្ឋានទេសចរ Vinpearl ក្នុងប្រទេសវៀតណាម ដោយតួខ្លួនរបស់វាពោរពេញដោយកញ្ចក់ ហើយដំណើរការដោយអគ្គិសនី ។
រថយន្តក្រុងនេះមានការរចនាបែបទាន់សម័យ មិនដូចរថយន្តក្រុងធម្មតាទេ ។ ផ្នែកចំហៀងរបស់វាបំពាក់ទៅដោយកញ្ចក់ស្ទើរពេញតួខ្លួន ។ ទោះជាយ៉ាងណា ប្រវែងរបស់វាហាក់ដូចជាខ្លីបន្តិច ។
ដោយឡែក ផ្នែកខាងមុខរបស់វាមានរូបរាងដូចអក្សរ V ស្រដៀងទៅនឹងរថយន្ត VinFast Lux អីចឹង រំលេចដោយចង្កៀងប្រភេទ LED យ៉ាងស្រស់ស្អាត ។ ថ្វីបើមិនមានរូបថតច្រើនពីផ្នែកខាងក្នុង ប៉ុន្តែយើងអាចមើលឃើញផ្នែកមួយចំនួន រួមទាំង អេក្រង់ដ៏ធំមួយដែលបង្ហាញព័ត៌មាន ដូចជា ទិដ្ឋភាពមុខ-ក្រោយរថយន្ត , ថាមពលអាគុយ និង អាកាសធាតុ ជាដើម ។
បើយោងតាមប្រភពពី VinFast បានឱ្យដឹងថា រថយន្តក្រុងខាងលើ គឺជាផលិតផលមួយដែលក្រុមហ៊ុនវៀតណាមនេះកំពុងស្រាវជ្រាវ ដើម្បីផលិតរថយន្តក្រុងដំណើរការដោយថាមពលអគ្គិសនី នៅថ្ងៃអនាគត ៕
ដោយ ៖ ឡុង
ប្រភព ៖ zing