បានទៅដល់ស្រុកកោះធំ កុំភ្លេចទៅលេងវត្តបាក់ណាម នៅជាប់ព្រំដែនកម្ពុជា-វៀតណាម
វត្តបាក់ណាម ជាវត្តខ្មែរមួយនៅក្បែរបន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជា និង វៀតណាម ស្ថិតនៅក្នុង ភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល នៅជុំវិញវត្តនេះ មានសទ្ធតែ ជាជនជាតិវៀតណាមរស់នៅ ហើយមានប្រជាជនខ្មែរយើងតែមួយគ្រួសារប៉ុណ្ណោះរស់នៅទីនោះ។
កាលពីជាង១០ ឆ្នាំមុន ទឹកដីរបស់វត្តនេះស្ថិតនៅក្នុងតំបន់ជម្លោះរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ប៉ុន្តែពេលនេះ វត្តបាក់ណាម បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាយើងទាំងស្រុងហើយ ។
ប្រសិនបើលោកអ្នកចង់ធ្វើដំណើរទៅកាន់ វត្តបាក់ណាម លោកអ្នកគ្រាន់តែចេញពីទីប្រជុំជន ស្រុកកោះធំ ខេត្តកណ្តាល ឆ្លងស្ពានកោះធំទៅត្រើយខាងកើត រួចបន្តដំណើរតាមផ្លូវចាក់កៅស៊ូយ៉ាងរលោងស្អាតទៅកាន់វត្តប៉ាក់ណាមតែម្តង លើចម្ងាយផ្លូវប្រមាណជា ១០ គីឡូម៉ែត្រប៉ុណ្ណោះ ។
កាលពីមុនវត្តនេះមានឈ្មោះ ប៉ាក់ណាម តែឥឡូវបានប្តូរឈ្មោះមកជាវត្ត បាក់ណាមវិញ ហើយវត្តនេះបានចាប់ផ្ដើមប្រែមុខមាត់ថ្មីជាបណ្ដើរៗ តាមរយៈការសាងសង់ខ្លោងទ្វារវត្ត និង ការរៀបចំទីធ្លាវត្ត មានដាក់បន្ថែមរូបសំណាក និង សំណង់ថ្មីជាបន្តបន្ទាប់ ។
ជាងនេះទៅទៀត ក៏មានវត្តមានព្រះសង្ឃជាច្រើនអង្គគង់នៅក្នុងវត្តនោះ ហើយយាយជី តាជី ក៏មានច្រើនជាងមុនដែរ ដែលពីមុនមានតែព្រះសង្ឃមួយអង្គគង់នៅតែប៉ុណ្ណោះ ។ ឯសង្ហាន់ព្រះសង្ឃមិនខ្វះខាតដូចមុនឡើយ គឺ ក្រៅពីមានពុទ្ធបរិទសជិតឆ្ងាយជួយឧបត្ថម្ភនោះ ក៏មានការិយាល័យធម្មការស្រុកជាអ្នកចាត់ចែង និង ឧបត្ថម្ភផងដែរ ៕
ដោយ៖សុថាត់ (រូបថត កោះធំ ស្រុកកំណើតខ្ញុំ)