ស្នេហ៍ទុំ និង ទាវ ស្ម័គ្រស៊ូស្លាប់ជាមួយគ្នា តែស្នេហ៍សង្ឃ ២០១៩ ចុងក្រោយឱ្យនាងទឹកភ្នែកសឹងខ្សោះខ្លួន
ទីបំផុតរឿងរ៉ាវស្នេហាព្រះសង្ឃវត្តពោធិ៍ចិនតុង និង នារីម្នាក់ត្រូវបានទម្លាយការពិត ក្រោយខាងប្រុសថាជារូបភាពកាត់ត ចំណែកឯខាងស្រីក៏ប្រកែកថាជារូបភាពមិនពិត ហើយថាមិនដែលស្គាល់គ្នា ទាំងរូបភាពបានបង្ហាញយ៉ាងច្បាស់ចែសថាអ្នកទាំងពីរបាននែបនិត្យកៀកកើយគ្នា ។ ឥឡូវនៅពេលនេះ អ្នកនាង លប ធីតា ដែលជាគូស្នេហ៍លួចលាក់ បានលាតត្រដាងការពិតលែងលាក់លៀមតទៅទៀត ក្រោយអតីតព្រះសង្ឃឈ្មោះ វ៉ាន វន្នី ប្រែក្រលាស់ដោះដៃបំភ្លេចនូវពាក្យសន្យាថា ក្រោយដោះស្រាយបញ្ហាចប់អ្នកទាំងពីរនឹងក្រាបសំពះមុខមេបាកាន់ដៃគ្នាជាគូជីវិត ។
តាមគណនីហ្វេសប៊ុកអ្នកនាង លប ធីតា ដែលដាក់ឈ្មោះថា Jou Mary បានរៀបរាប់ទាំងឈឺចិត្ត និង បានធ្វើឱ្យអ្នកតាមដានរឿងរ៉ាវស្នេហានេះមានការភ្ញាក់ផ្អើលជាខ្លាំង ។ នាងបានសរសេរយ៉ាងដូច្នេះថា «អូនជាអ្នកទិញឱ្យបង បងថាស្រឡាញ់អាវនឹង ឆាតឱ្យអូនទិញឱ្យទុកពាក់ពេលបងសឹកទៅ តែឥឡូវម៉េចក៏បងធ្វើដាក់អូនចឹងអូនលែងមានន័យសម្រាប់បងហើយមែនទេបង ? អរគុណគ្រប់យ៉ាងសម្រាប់ការបោកប្រាស់ អរគុណព្រហ្មលិខិតដែលធ្វើបាបខ្ញុំ កម្សត់កម្រជាមួយគ្នាជិតមួយឆ្នាំមានទាំងផ្អែមបានទាំងជូរចត់ ដោះស្រាយបញ្ហាជាមួយគ្នា ពេលចប់រឿងបានសឹកបងបោះបង់អូនចោល ព្រោះជឿគ្រួសារបង អរគុណមេរៀនជីវិត» ។
សូមរំឭករឿងរ៉ាវដែលធ្លាប់កើតឡើងបន្តិចថា ព្រះចៅអធិការវត្តពោធិ៍ចិនតុង ព្រះនាម ភិក្ខុ វ៉ាន វន្នី ត្រូវបានអាជ្ញាធរ និង មន្ទីរជំនាញ បានបើកការប្រជុំបន្ទាន់មួយ ក្រោយមានការបែកធ្លាយរូបភាពមិនប្រក្រតីនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនា កន្លងទៅ ។ គេនៅចាំបានថាកាលគ្រានោះ ភិក្ខុ វ៉ាន វន្នី បានមានសង្ឃដីកាថា រូបភាពដែលបានបង្ហោះតាមហ្វេសប៊ុកនេះ មិនមែនជារូបពិតទេ គឺត្រូវបានគេកាត់ត ដើម្បីបង្អូចកិត្តិយសរបស់ព្រះអង្គ និង តម្លៃព្រះពុទ្ធសាសនាតែប៉ុនណោះ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ