ទឹកធ្លាក់ស្រែអំពិលមានទេសភាពធម្មជាតិទាក់ទាញខ្លាំង (វីដេអូ)
ទឹកធ្លាក់ ស្រែអំពិល ជាតំបន់សហគមន៍អេកូទេសចរណ៍ថ្មីមួយ មិនសូវមានអ្នកស្គាល់ច្រើនប៉ុន្មានឡើយ ប៉ុន្តែនៅទីនោះ មានទេសភាព និង ធម្មជាតិគួរជាទីចាប់អារម្មណ៍ក្រៃលែង ។ ទឹកធ្លាក់ស្រែអំពិលនេះ ស្ថិតនៅក្នុង ភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរជាច្រើនបានទៅកម្សាន្តនៅទីនោះ ជាពិសេសនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬ ថ្ងៃបុណ្យទានផ្សេងៗ ក៏ព្រោះតែ នៅទីនោះមានទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង ហើយក៏ជាកន្លែងមានផាសុកភាព ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ មានមនុស្សមួយចំនួនតូចបែរជាផឹកស៊ីហើយ បោះសំរាមចូលទៅក្នុងទឹកវិញ ។
ប្រសិនបើលោកអ្នកចង់ទៅកម្សាន្ត នៅទឹកធ្លាក់ស្រែអំពិល លោក អ្នកត្រូវចេញដំណើរពីក្រុងកំពង់ឆ្នាំងទៅផ្សារក្តុល ក្នុងចម្ងាយផ្លូវប្រមាណជា ១០ គីឡូម៉ែត្រ រួចចេញពីផ្សារក្តុលប្រហែល ១២ គីឡូម៉ែត្រទៀត នឹងបានទៅដល់ទឹកធ្លាក់ស្រែអំពិលនោះ ៕
ដោយ៖សុថាត់ (រូបថត សុខ សាន់រីដា)