Audi បញ្ចេញឡានអគ្គិសនីតម្លៃថោកបំផុត សាកភ្លើង ៣០ នាទីជិះបាន ២៤០គីឡូម៉ែត្រ
Audi បានពង្រីកសែស្រឡាយរថយន្តអគ្គិសនី E-Tron របស់ខ្លួន ជាមួយនឹងម៉ូដែលទី ២ ហៅថា E-Tron 50 Quattro ដែលបំពាក់កញ្ចប់អាគុយតូចជាងមុន និង មានតម្លៃថោកជាងម៉ូដែលទី ១ ទៀតផង ។
SUV ដំណើរការដោយថាមពលអគ្គិសនី E-Tron 50 Quattro នេះ នឹងស្ថិតនៅក្រោមម៉ូដែល E-Tron 55 Quattro ហើយបំពាក់កញ្ចប់អាគុយកម្លាំង ៧១ គីឡូវ៉ាត់ម៉ោង ជំនួសឱ្យ ៩៥ គីឡូវ៉ាត់ម៉ោងវិញ ។
កញ្ចប់អាគុយតូចមានន័យថា E-Tron 50 Quattro អាចធ្វើដំណើរបានចម្ងាយត្រឹម ៣០០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ដោយតិចជាងម៉ូដែល E-Tron 55 Quattro ប្រហែល ៩០ គីឡូម៉ែត្រ ហើយមានទម្ងន់ស្រាលជាង ១២០ គីឡូក្រាម ។ ទោះជាយ៉ាងណា វានៅតែបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ដូចគ្នា ប៉ុន្តែមានកម្លាំងត្រឹម ៣០៨ សេះប៉ុណ្ណោះ (តិចជាង ៩៤ សេះ) ហើយអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧ វិនាទីគត់ និង មានល្បឿនអតិបរមា ១៨៩ គីឡូម៉ែត្រក្នុងមួយម៉ោង ។
សូមបញ្ជាក់ថា E-Tron 50 Quattro អាចសាកភ្លើងជាមួយខ្សែកម្លាំង ១២០ គីឡូវ៉ាត់ ដោយចំណាយពេលត្រឹម ៣០ នាទីប៉ុណ្ណោះ ដើម្បីសាកឱ្យបាន ៨០% ។ ដំណើរការផលិតរបស់ E-Tron 50 Quattro នឹងចាប់ផ្តើមនៅឆ្នាំនេះ ជាមួយ E-Tron 55 Quattro ប៉ុន្តែតម្លៃជាក់លាក់របស់វានឹងត្រូវបង្ហាញនាពេលក្រោយ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops