ផ្លូវ ៣ កន្លែងនៅកម្ពុជា ពិតជាស្អាតរកផ្ទឹមគ្មាន មានព្រៃឈើខៀវខ្ចីដាច់កន្ទុយភ្នែក អមសងខាង
ផ្លូវទៅកាន់បណ្ដាខេត្តនានានៅកម្ពុជា សុទ្ធតែមានរំលេចជាទេសភាពស្អាតប្លែកៗ មិនចាញ់គ្នាប៉ុន្មានឡើយ ពិសេសខេត្តដែលមានព្រៃភ្នំ ។ ឥឡូវយើងមកមើលទិដ្ឋភាពតាមផ្លូវទៅខេត្ត ៣ នៃប្រទេសកម្ពុជា ពិតជាស្អាតទាក់ភ្នែករកអ្វីប្រៀបមិនបាន ប្រសិនបើបានទៅដល់មិនថាមានទុក្ខព្រួយប៉ុនណា ក៏អាចរសាយបានដែរ ។ តោះសូមទៅស្គាល់ទាំងអស់គ្នាណា៎ ៖
១. ផ្លូវកាន់ខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរីជាទីប្រាថ្នារបស់មនុស្សគ្រប់រូប ព្រោះតែសក្ដានុពលទេសចរដ៏ល្អឯក គ្របដណ្ដប់ដោយព្រៃភ្នំខៀវខ្ចី ប្រកបដោយអាកាសធាតុដ៏ត្រជាក់ ។ មិនថាអ្នកបានទៅដល់ទឹកដីនេះក្នុងរដូវណា ក៏អ្នកនៅតែអាចទស្សនាទិដ្ឋភាពប្លែកៗគ្នា ប្រសិនបើទៅក្នុងរដូវរំហើយ នោះអ្នកនឹងឃើញទិដ្ឋភាពវាលស្មៅដូចគេក្រាលមាស ។ បើអ្នកទៅក្នុងរដូវវស្សានេះ អ្នកនឹងត្រជាក់ភ្នែក ស្រូបយកនូវអុកស៊ីសែនដ៏ល្អចេញពីព្រៃឈើបៃតងខ្ចី រំលេចជាទេសភាពដ៏ស្រស់បំព្រងស្អាតជាងរូបគំនូរដែលចេញពីវិចិត្រករដៃឯកផង ។
២. ផ្លូវទៅខេត្តកោះកុង
ចំណែកផ្លូវទៅខេត្តកោះវិញ យើងត្រូវធ្វើដំណើរឡើងភ្នំ ចុះភ្នំ បត់បែនតាមជំរាលភ្នំ ដែលមានគ្របដណ្ដប់ដោយព្រៃឈើក្រាសឃ្នឹក ។ អ្នកនឹងមានអារម្មណ៍ថា លង់ស្នេហ៍នឹងសម្រស់ធម្មជាតិ ដែលស្រស់ត្រកាលរកពាក្យមកបរិយាយមិនត្រូវ ។ នៅពេលដែលអ្នកធ្វើដំណើរតាមផ្លូវដែលមានទិដ្ឋភាព ប្លែកៗមិនចេះជិនណាយពីមួយកន្លែងទៅមួយកន្លែង អ្នកនឹងមានអារម្មណ៍ថា ផ្លូវចំងាយរាប់រយគីឡូម៉ែត្រតែធ្វើដំណើរហាក់មួយភ្លែត ។ អ្នកនឹងបន់ស្រន់សូមឱ្យទ្រនិចនាឡិកានៅធ្មឹង ដើម្បីបានឃើញ នូវសម្រស់ធម្មជាតិដែលគយគន់មិនចេះឆ្អែតឆ្អន់ ។
៣. ផ្លូវលេខ ៥៥ ដល់ព្រំដែនថៃ
ផ្លូវនេះមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត) ។ ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និង រួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល ។
ផ្លូវមួយខ្សែដ៏វែងអន្លាយនេះ សាងសង់ឡើងដោយពុះជ្រែកកាត់ព្រៃភ្នំ ឡើងចំណោត ចុះចំណោត កាច់កុង បត់បែន ព្រៀបដូចអន្ទង់អាំង ។ នៅអមសងខាងផ្លូវវិញមានព្រៃឈើខៀវខ្ចីដាច់កន្ទុយភ្នែក ដែលបង្កើនឱ្យសម្រស់ផ្លូវមួយខ្សែនេះកាន់តែស្អាតទ្វេឡើង ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ
រូបភាពផ្លូវទៅកាន់ខេត្តមណ្ឌលគីរីដោយ ៖ Sithy Hengchan
រូបភាពខេត្តកោះកុង ៖ មន្ទីរសាធារណការខេត្តកោះកុង
រូបភាពផ្លូវជាតិលេខ៥៥ ៖ ក្រសួងសាធារណការ