ប្ដីប្រពន្ធទោះស្រលាញ់គ្នាប៉ុនណា តែបើម្នាក់ៗគ្មាន ៥ ចំណុចនេះទេ គឺងាយនឹងចែកផ្លូវគ្នាបំផុត
ស្រលាញ់គ្នាឈាន់ដល់ជីវិតអាពាហ៍ពិពាហ៍ គឺចាត់ទុកថា ស្នេហារបស់អ្នកជោគជ័យមូយជំហ៊ាន តែការរក្សាចំណងស្នេហ៍ជាប្ដីប្រពន្ធឱ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង ជាដំណាក់កាលដែលពិបាកឆ្លងកាត់បំផុត ។ ប្ដីប្រពន្ធខ្លះ រួមរស់ជាមួយគ្នាបានមួយឆ្នាំពីរឆ្នាំ ក៏អាចលែងលះគ្នាវិញក៏មាន ។ តទៅនេះជាចំណុចសំខាន់ៗ ដែលប្ដីប្រពន្ធគួរតែមានឱ្យគ្នា ទើបអាចរក្សាជីវិតគូដល់ដង្ហើមចុងក្រោយបាន ៖
១. ពេលវេលាផ្ដល់ឱ្យគ្នា
បើម្នាក់ៗមិនចំណាយពេលញ៉ាំបាយជាមួយគ្នា ធ្វើដំណើរកម្សាន្តរួមគ្នា និង នៅក្បែរគ្នាឱ្យបានច្រើន នោះនឹងធ្វើឱ្យអារម្មណ៍ធ្លាប់ស្រលាញ់គ្នាចាប់ផ្ដើមរសាយបន្តិចៗម្ដង រហូតមានអារម្មណ៍ថា នៅម្នាក់ឯងក៏បាន ។ មិនគួរបណ្ដោយឱ្យក្លាយទៅជាបែបនេះឡើយ ទោះរវល់យ៉ាងណា ហោចណាស់ក៏គ្មានពេលញ៉ាំបាយជុំគ្នាម្ដងក្នុងមួយថ្ងៃ ។
២. ការយកចិត្តទុកលើគ្នា
គូស្នេហ៍ខ្លះផ្ដោតលើខ្លួនឯងសឹងតែ ៩០% ដូចជាគិតតែរឿងការងារ ការណាត់ជួប យកចិត្តទុក្ខខ្វល់ខ្វាយពីខ្លួនឯង ហើយបណ្ដោយឱ្យដៃគូម្ខាងទៀត មានជីវិតឯកជនច្រើនហួសហេតុ នោះក៏អាចធ្វើឱ្យ ចំណងស្នេហារវាងអ្នកទាំងពីរងាយនឹងផុយស្រួយ ។ ការយកចិត្តទុកដាក់ ថាថ្ងៃនេះ នាង/គាត់ ធ្វើអ្វី ទៅណា សុទ្ធតែជាអ្វីដែលគួរតែមានឱ្យគ្នា ។
៣. ដឹងពីសុខទុក្ខគ្នា
នាង/គាត់ មិនសប្បាយចិត្ត មានបញ្ហាការងារ មានបញ្ហាសុខភាព ចង់បានអ្វី ខ្វះខាតអ្វី ជារឿងដែលប្ដី ប្រពន្ធគួរតែមានឱ្យគ្នា ។ មិនមែនម្នាក់ទៀតធ្លាក់ក្នុងសភាពបែបណាក៏យើងមិនដឹងនោះទេ ។
៤. ការអធ្យាស្រ័យ
ចាប់កំហុសច្រើន មើលឃើញកំហុសគ្នាច្រើនពេក រៀនសម្គាល់ច្រើនពេក គឺប្រៀបដូចជាសន្សំរឿង បន្តិចម្ដងៗ កំពុងយកភាពក្ដៅក្រហាយចូលខ្លួនបន្តិចម្ដងៗ ហើយនៅទីបំផុតវានឹងផ្ទុះឡើងនៅថ្ងៃណាមួយ ។ គ្មានអ្វីប្រសើរជាងការលើកលែង ការអភ័យ និង ទទួលយកភាពអវិជ្ជមានរបស់គ្នា ព្រោះគ្មាន នរណាម្នាក់ឥតខ្ចោះឡើយ ។
៥. ការរក្សាភាពផ្អែមល្ហែម
កុំទម្លាប់ចូលផ្ទះយប់ជ្រោះ កុំទម្លាប់បង្កជម្លោះញឹកញាប់ ហើយរិតតែមិនគួរគេងបែកគ្រែគ្នា ព្រោះវាសុទ្ធតែជាហេតុផល នាំឱ្យអារម្មណ៍ល្អៗដែលមានឱ្យគ្នាពីមុនចាប់ផ្ដើមរសាត់ទៅ ។ គួររក្សាចំណងស្នេហ៍មួយនេះ ដោយធ្វើអ្វីរួមគ្នា មានឱកាសស្និទ្ធស្នាលគ្នា សូម្បីតែការធ្វើម្ហូបរួមគ្នាក៏ធ្វើឱ្យអ្នកទាំងពីរ ផ្អែមល្ហែមមិនស្ទើរដែរ ៕