តោះ ! ទៅជិះទូកគយគន់ទេសភាព និង សត្វក្នុងបឹងទន្លេសាប ឃើញហើយតិចថាដកចិត្តមិនរួច !
នៅដើមរដូវវស្សាឆ្នាំនេះ ប្រសិនបើលោកអ្នក បានធ្វើដំណើរ ទៅកាន់បឹងទន្លេសាបនោះ ពិតជាធ្វើឱ្យលោក អ្នក មានអារម្មណ៍ រីករាយ ស្រស់ស្រាយ ក្រៃលែងជាមួយនឹងការគយគន់មើលទេសភាពដ៏ស្រស់ស្អាត និង ធំល្វឹងល្វើយ នៃផ្ទៃបឹងទន្លេសាប ដែលរំលេចទៅដោយ ហ្វូងបក្សា បក្សី ហោះហើររកចំណីទាំងហ្វូងៗនៅលើផ្ទៃបឹងទន្លេសាប ។
ពេលនេះ យើងសូមនាំអារម្មណ៍របស់លោកអ្នកទៅកាន់បឹងទន្លេសាប នៅក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ម្តង តើនៅទីនោះមានទេសភាពស្រស់ស្អាតយ៉ាងណា ? ។ ដើម្បីទៅកាន់តំបន់នានានៃបឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់នោះ មុខដំបូង លោក អ្នកត្រូវធ្វើដំណើរទៅកាន់ ស្រុកក្រគរ រួចបន្តដំណើរទៅកាន់ ភូមិកំពង់លួង ដែលជាភូមិបណ្តែតទឹកយ៉ាងល្បីល្បាញ ជាការស្រេច ។
បន្ទាប់ពីបានទៅដល់ចំណុច ភូមិកំពង់លួង ឃុំកំពង់លួង លោកអ្នកអាចទស្សនា ភូមិបណ្តែតទឹក មួយនេះ ដោយចាប់ផ្តើមពីការ ទស្សនា ការនេសាទ ជីវភាព និង ការស់នៅរបស់អ្នកភូមិ បន្ទាប់មកលោកអ្នក ក៏អាចបន្តដំណើរទៅកាន់ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង បន្តទៀត ពេលនោះលោកអ្នក ក៏អាចទស្សនា នៅក្នុង ឡូត៍អភិរក្សលេខ៦ថាតើត្រីនៅក្នុងតំបន់អភិរក្សវាសម្បូរត្រីយ៉ាងណា ? ។
ការធ្វើដំណើរតាមទូកពីភូមិបណ្តែតទឹក កំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ទៅកាន់ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង វាពិតជាធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ក្រៃលែង កាលបើបានឃើញ ទូកនេសាទ ប្រជាពលរដ្ឋ ប្រកបរបរនេសាទ នៅកណ្តាលបឹង វាហាក់បីដូចជាម្តងលិចម្តងអណ្តែត យោលយោគទៅតាមចង្វាក់ទឹករលក ជាយូរៗម្តងគេបានឃើញ ត្រីលោតផុតពីផ្ទៃទឹក ដែលទិដ្ឋភាពបែបនេះ គេកម្របានឃើញណាស់ ។ ឯនៅលើផ្ទៃមេឃវិញ គេបានឃើញហ្វូងសត្វស្លាបទាំងហ្វូងៗ ហើរពេញលើផ្ទៃបឹង ដែលគេកម្របានឃើញរូបភាពបែបនេះ នៅកន្លែងផ្សេងណាស់ ៕
ដោយ៖សុថាត់(រូបថតរដ្ឋបាល ខេត្តពោធិ៍សាត់)