តោះ ! ទៅជិះទូកគយគន់ទេសភាពធម្មជាតិយ៉ាងស្រស់ស្អាត នៅតាមដងស្ទឹងតាតៃ
ស្ទឹងតាតៃ ជាតំបន់ទេសចរណ៍ដ៏ល្បីមួយនៃទឹកដីខេត្តកោះកុង ហើយពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទៅកម្សាន្តយ៉ាងច្រើនកុះករ ពេលទៅដល់ទីនោះភ្ញៀវទេសចរម្នាក់ៗមានអារម្មណ៍សប្បាយរីករាយ ជាមួយការគយគន់មើលសម្រស់ទេសភាពបែបធម្មជាតិ ដ៏ស្រស់ត្រកាលនៅទីនោះ ។
ប្រហែលជាមិនមានកន្លែងណាមានទេសភាពធម្មជាតិស្រស់ស្អាត ដូចនៅស្ទឹងតាតៃនោះឡើយ ហើយ ពីកន្លែងមួយទៅកន្លែងមួយ នៅតំបន់ស្ទឹងតាតៃមានទេសភាពស្រស់ឆើតឆាយគ្រប់រដូវកាល ។ នៅអមសងខាងមាត់ស្ទឹងមានដើមចាកជាច្រើនដុះច្រូងច្រាងលាយឡំជាមួយដើម រុក្ខជាតិ និងដើមកោងកាងយោលយោគទៅតាមកម្លាំងវាយោ គួរជាទីគយគន់សម្រាប់ភ្ញៀវទេសចរទាំងឡាយ ដែលបានធ្វើដំណើរទៅដល់ទីនោះ ។
សម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តនៅដងស្ទឹងតាតៃ បន្ទាប់ពីបានជិះទូកទស្សនាសម្រស់ដងស្ទឹងនិង សម្រាកនៅតាមបឹងកាឡូដ៏ប្រណីត ដែលសង់ឡើងនៅតាមមាត់ស្ទឹងហើយនោះ យើងក៏អាច ឡើងភ្នំបន្តដំណើរទៅលេងនៅតាមកន្លែងទឹកធ្លាក់ ទស្សនាភូមិសហគមន៍ ភូមិអ្នកនេសាទ ទស្សនាសត្វអំពិលអំពែកក្នុងពេលរាត្រីតាមព្រៃកោងកាង និង កន្លែងផ្សេងៗ ជាច្រើនកន្លែងទៀត ។
នៅតាមបណ្តោយស្ទឹងតាតៃចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចស្ពាន ភូមិដូង កាលដើមឡើយពុំមានការអភិវឌ្ឍន៍អ្វីនោះទេ ពោលគឺចាប់តាំងពីឆ្នាំ២០០៩មក គេសង្កេតឃើញថា ភ្ញៀវទេសចរក៏ចាប់ផ្តើម មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសម្រស់ដងស្ទឹងតាតៃ ហើយក្នុងមួយឆ្នាំៗមានភ្ញៀទេសចរប្រមាណជាង ១០ម៉ឺននាក់បានទៅទស្សនាទេសភាពធម្មជាតិ និង ជិះទូកលេងកម្សាន្ត នៅតាមដងស្ទឹងតាតៃ នេះបើតាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង ។
ក្រៅពីជិះទូកលំហែរកាយមើលទេសភាព នៅតាមដងស្ទឹងតាតៃហើយនោះ ភ្ញៀវទេសចរ ក៏អាចនាំគ្នា ទៅងូតទឹកធ្លាក់តាតៃយ៉ាងស្រស់ស្អាត គួរជាទីគយគន់ផងដែរ ៕
ដោយ៖សុថាត់ (រូបថត Hor Hen )