«ក្តីសង្ឃឹម» គឺជាមនុស្សល្អម្នាក់ ធ្វើឱ្យអ្នកនិពន្ធឆ្នើម ទន្សាយ មានថ្ងៃនេះ អានហើយបានដឹងចាក់ដោតខ្លាំង!
ខ្ញុំធ្លាប់សួរខ្លួនឯងជាច្រើនដងថាហេតុអ្វីក៏ជីវិតខ្ញុំស្វែងរកមនុស្សល្អម្នាក់មិនឃើញយ៉ាងនេះ ? មនុស្សជាច្រើនដែលខ្ញុំបានជួបក្នុងដំណើរជីវិត គឺហុចដៃមករកខ្ញុំដើម្បីតែផលប្រយោជន៍ ពេលដែលគេដឹងថាខ្ញុំមិនអាចផ្តល់ផលឱ្យគេដូចដែលគេចង់បាន គេក៏ដកដៃដើរហួសទៅ ដោយមិនខ្វល់ថាខ្ញុំកំពុងជួបស្ពានបាក់ ទឹកជ្រៅយ៉ាងណានោះទេ ។
ខ្ញុំចាប់ផ្តើមស្វែងរកកំហុសខ្លួនឯង គិតថាប្រហែលមកពីខ្ញុំមិនមែនជាមនុស្សល្អគ្រប់គ្រាន់ ទើបខ្ញុំមិនអាចរកឃើញមនុស្សល្អម្នាក់សម្រាប់ជីវិតរបស់ខ្ញុំបាន ។ ខ្ញុំដឹងត្រឹមថាខ្ញុំជាមនុស្សទុកការងារសំខាន់ជាងអ្វីៗទាំងអស់ មិនចូលចិត្តដើរលេងសប្បាយ មិនចេះតុបតែងខ្លួនឆើតឆាយ លះបង់ពេលវេលាពេញមួយជីវិតដើម្បីក្រុមគ្រួសារ តែទីបំផុតខ្ញុំនៅតែក្លាយជាមនុស្សដែលគេបោះបង់ចោលដដែល ។
ពេលខ្លះខ្ញុំអស់សង្ឃឹមយ៉ាងខ្លាំង មិនចង់បន្តធ្វើជាមនុស្សល្អទៀតទេ ខ្ញុំចង់ធ្វើជាមនុស្សអាក្រក់សាកមើល ក្រែងជីវិតបានប្រសើរជាងនេះ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន ព្រោះមិនបានរៀនរបៀបធ្វើជាមនុស្សអាក្រក់ តាំងតែពីកំណើតមកម្ល៉េះ ។ ក្នុងពេលវេលាដែលខ្ញុំកំពុងតែខកចិត្តយ៉ាងខ្លាំងនោះ ស្រាប់តែខ្ញុំបានជួបនឹងមនុស្សល្អម្នាក់ ដោយស្មានមិនដល់ទាល់តែសោះ គេមានឈ្មោះថា «ក្តីសង្ឃឹម» គេបានណែនាំខ្ញុំថា «បើថ្ងៃនេះ ព្រះអាទិត្យលិចបាត់ គង់មានថ្ងៃស្អែក ព្រះអាទិត្យនឹងរះជាថ្មី កុំបោះបង់អំពើល្អ កុំចុះចាញ់មនុស្សអាក្រក់ឱ្យសោះ ! អំពើល្អប្រៀបដូចជាដើមឈើមួយដើម អ្នកមិនអាចដាំវាឱ្យដុះ មានផ្លែមានផ្កាក្នុងរយៈពេលដ៏ខ្លីបានទេ អត់ធ្មត់បន្តិចទៅ ពង្រឹងខ្លួនឯងឱ្យបាន តស៊ូបន្តទៅទៀត ពេលវេលាដែលថ្ងៃរះថ្មីមកដល់ អំពើល្អនឹងផ្តល់ផលល្អឱ្យអ្នកមិនខាន» ។
ក្តីសង្ឃឹមបានផ្តល់ថាមពលផ្លូវចិត្តយ៉ាងខ្លាំងក្លាមិនឱ្យខ្ញុំបាត់បង់ភាពជាមនុស្សល្អដាច់ខាត ហើយខ្ញុំក៏ជឿជាក់យ៉ាងប្រាកដថា បើយើងដាំដើមក្រូច ប្រាកដជាបានផ្លែក្រូច មិនអាចចេញជាផ្លែស្វាយនោះទេ សំខាន់បំផុតគឺយើងត្រូវបង្កើតក្តីសង្ឃឹម និង ភាពអត់ធ្មត់ជាមុនសិន ៕
អត្ថបទ ៖ ដកស្រង់ពី អ្នកនិពន្ធ ម៉ៅ សំណាង (ទន្សាយ)
រូបភាពផ្តល់ដោយ ៖ Mao Chanraksmey