ជាតិនេះអភ័ព្វអើយអភ័ព្វ ហេតុអីកើតមកសម្រាប់តែលួច Crush គេ!
ខ្ញុំមិនដឹងថាតើពាក្យថា ស្រឡាញ់មានអត្ថន័យបែបណានោះទេ តែសម្រាប់ខ្ញុំ ពាក្យថាស្រឡាញ់ គឺនៅពេលដែលខ្ញុំបានស្គាល់មនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តស្រដៀងខ្ញុំ អត្តចរិតស្រដៀងខ្ញុំ ឬ មុខមាត់ទឹកមុខរបស់គេត្រូវនឹងអារម្មណ៍របស់ខ្ញុំ គឺគេម្នាក់នោះអាចធ្វើឱ្យខ្ញុំបាក់ចិត្តស្រឡាញ់ភ្លាម ដោយមិនមានហេតុផលអ្វីឡើយ ។ ខ្ញុំធ្លាប់លួចស្រឡាញ់មនុស្សម្នាក់ហើយម្នាក់ទៀត ហើយអ្នកទាំងនោះ សុទ្ធតែធ្វើឱ្យខ្ញុំឈឺចាប់ស្ទើរស្លាប់ស្ទើររស់តែម្នាក់ឯងទាំងគេមិនបានដឹងអ្វីសោះ ។
លួចស្រឡាញ់គេតាំងពីអាយុជាង ១០ ឆ្នាំ រហូតដល់វ័យជាង ២០ ខ្ញុំនៅមិនទាន់ស្គាល់រសជាតិពាក្យថា គូស្នេហ៍យ៉ាងម៉េចផង ។ ពេលខ្លះខ្ញុំតែងលួចច្រណែនគូស្នេហ៍ដែលគេផ្ដើមចាប់អារម្មណ៍លើគ្នា ហើយចុងក្រោយគេក៏ក្លាយជាគូស្នេហ៍ដូចបំណង ខ្ញុំតែងលួចស្រមៃថា តើថ្ងៃណាខ្ញុំមានសំណាងដូចគេទៅ ? គឺបានមនុស្សដែលយើងលួចស្រឡាញ់មកបណ្ដើរកាន់ដៃគ្នាយ៉ាងផ្អែមល្ហែម ។
អារម្មណ៍ស្រឡាញ់គេម្នាក់ឯងខ្ញុំបានឆ្លងកាត់លើកដំបូង គឺពិតជាឈឺចាប់ សឹងតែថាឈឺជាងគូស្នេហ៍ដែលបែកបាក់គ្នាទៅទៀត ។ ស្រឡាញ់មនុស្សម្នាក់តែម្នាក់ឯងវាប្រៀបដូចជាស្នេហាដែលគ្មានរូបរាង គ្មានសំឡេង តែវាធ្វើឱ្យមនុស្សម្នាក់ស្ទើរឆ្កួតស្ទើរជាតែម្នាក់ឯង ។ លួចស្រឡាញ់គេម្នាក់ឯងអាចធ្វើឱ្យយើងមានក្ដីសុខពេលដែលឃើញមុខគេ ឃើញស្នាមញញឹមរបស់គេ ហើយតែងចាត់ទុកខ្លួនឯងប្រៀបដូចជាសង្សាររបស់គេ តែពេលឃើញគេស្និទ្ធស្នាលនឹងអ្នកផ្សេងខ្ញុំស្រាប់តែឈឺចាប់ លួចប្រចណ្ឌ លួចយំ តែម្នាក់ឯងទាំងគេមិនបានដឹងអ្វីសោះ ។
ពេលដែលគ្មានសង្ឃឹម គ្មានសេចក្ដីក្លាហាននឹងបង្ហាញអារម្មណ៍ពិតប្រាប់គេ ខ្ញុំបានតាំងចិត្តថា នឹងកាត់ចិត្ត ហើយដើរចេញពីជីវិតគេ មិនធ្វើឱ្យខ្លួនឯងបន្តឈឺចាប់តទៀតឡើយ ហើយសន្យានឹងខ្លួនឯងនឹងមិនលួចស្រឡាញ់អ្នកណាជាលើកទី ២ ឡើយ ។ តែព្រហ្មលិខិតហាក់ធ្វើបាបម្នាក់នេះម្ល៉េះ ហាក់កំណត់ឱ្យមនុស្សម្នាក់នេះកើតមកសម្រាប់តែលូចស្រឡាញ់គេឬយ៉ាងណា ។
ពេលកាត់ចិត្តពីមនុស្សដំបូងបានមិនបាន ១ ខែផង ខ្ញុំស្រាប់តែស្គាល់មនុស្សម្នាក់ផ្សេងទៀត ដែលគេអាចជ្រៀបចូលដល់បេះដូងខ្ញុំតាំងពីឃើញលើកដំបូង ។ អ្នកទី ២ ក៏មិនខុសពីអ្នកទី ១ បានត្រឹមលួចស្រឡាញ់តែមិនហ៊ានសារភាព បានត្រឹមធ្វើជាមិត្តស្ម័គ្រចិត្តព្រមនៅក្បែរគេ ជួយយកអាសាគេ ទាំងមិនចង់បានការតបស្នងអ្វី ឡើយឱ្យតែបាននៅក្បែរគេគឺជាក្ដីសុខបំផុតហើយ ។
លួចស្រឡាញ់មនុស្សម្នាក់ហើយម្នាក់ទៀត ហើយសុទ្ធតែមិនដែលក្លាយជាការពិតនឹងធ្វើឱ្យខ្ញុំឈឺចាប់សឹងតែក្លាយជាទម្លាប់….តើហេតុអ្វីខ្ញុំយកខ្លួនឯងទៅប្រឡូកនឹងអារម្មណ៍ឈឺចាប់បែបនេះ ? បើស្រឡាញ់គេហើយហេតុអ្វីខ្ញុំមិនព្រមសារភាព ? អាចមកពីខ្ញុំខ្វះភាពក្លាហ៊ាននឹងដឹងចម្លើយ អាចមកពីខ្ញុំមិនដឹងពីជម្រៅចិត្តរបស់គេម្នាក់នោះថាមានចិត្តដូចខ្ញុំដែរឬអត់ ហើយខ្ញុំខ្លាចបាត់បង់គេ ពេលដែលខ្ញុំសារភាពហើយ ។ ហឹមមម…ជីវិតអើយមិនដែលចេះពិបាករឿងអ្វីសោះ តែបែរជាមកចុះចាញ់នឹងរឿងនេះទៅវិញ ៕