មកស្គាល់ឡាន ៤ ម៉ូដែល ពេញនិយមជិះបំផុតនៅជប៉ុន
ជប៉ុន ត្រូវបានគេស្គាល់ថាជាប្រទេសដែលឈានមុខគេមួយក្នុងវិស័យយានយន្ត ។ ជាមួយគ្នានេះផងដែរ រថយន្តជប៉ុនត្រូវបានគេដឹងថាមានភាពធន់ ប្រើប្រាស់បានយូរអង្វែង និង សន្សំសំចៃទៀតផង ។
ខាងក្រោមនេះគឺជារថយន្តទាំង ៤ ម៉ូដែលដែលពេញនិយមជិះបំផុតនៅប្រទេសជប៉ុន ៖
១) Honda N Box
រថយន្តដែលមានរូបរាងជ្រុងដូចប្រអប់នេះមិនធំ ហើយក៏មិនតូចពេកដែរ ខណៈវាមានទម្ងន់ស្រាល សន្សំសំចៃសាំងខ្លាំង ហើយមានតម្លៃថោក ។ ជាមួយនឹងម៉ាស៊ីនចំណុះ ១,៦ លីត្រ ទំហំ ៣ ស៊ីឡាំង កម្លាំង ៦៦០ សេសេ វាពិតជាស័ក្កិសមចំពោះគ្រួសារដែលមានសមាជិកតិច និង ជារថយន្តពេញនិយមជិះបំផុតនៅប្រទេសជប៉ុន ។ វាមានតម្លៃចាប់ពីខ្ទង់ ១២ ០០០ ដុល្លារ ។
២) Toyota Prius
Toyota គឺជារថយន្តលក់ដាច់បំផុតនៅក្នុងប្រទេសជប៉ុន ខណៈរថយន្ត Prius ក៏ដូច្នោះដែរ ។ Prius មិនត្រឹមតែពេញនិយមខ្លាំងនៅជប៉ុនប៉ុណ្ណោះទេ ថែមទាំងអង្រួនដងផ្លូវសហរដ្ឋអាមេរិកយ៉ាងសម្បើមផងដែរ ។ រថយន្តលក្ខណៈគ្រួសារនេះបំពាក់មុខងារពិសេសៗជាច្រើន ថែមទាំងស៊ីសាំងតិចត្រឹមតែ ៤ លីត្រប៉ុណ្ណោះសម្រាប់ចម្ងាយ ១០០ គីឡូម៉ែត្រ ។ លើសពីនេះ ផ្នែកខាងក្នុងដ៏ធំទូលាយរបស់វា បូករួមទាំងតម្លៃដ៏សមរម្យ វាពិតជាជម្រើសដ៏ល្អមួយ ។ វាបំពាក់ម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង មានតម្លៃចាប់ពីខ្ទង់ ២១ ០០០ ដុល្លារ ។
៣) Mazda3
រថយន្ត Mazda3 បានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ ២០០៣ ។ ដោយសារតែការផ្តល់បទពិសោធន៍បើកបរដ៏អស្ចារ្យ និង ផ្នែកខាងក្នុងដ៏ទាក់ទាញ ព្រមទាំងផ្នែកខាងក្នុងទូលាយ វាទទួលបានការពេញនិយមយ៉ាងខ្លាំង ។ លើសពីនេះទៅទៀត វាបានអាប់ដេតប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា Blind-spot Monitoring និង Traffic-sign Recognition ជាដើម ។ វាបំពាក់ម៉ាស៊ីនចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង ហើយមានតម្លៃចាប់ពីខ្ទង់ ២៣ ០០០ ដុល្លារ ។
៤) Honda Civic
Civic គឺជារថយន្តលក្ខណៈគ្រួសារដែលមានរូបរាងបែបស្ព័រគួរឱ្យទាក់ទាញ ។ វាផ្តល់នូវជម្រើសតួខ្លួនចំនួន ៣ គឺ Sedan , Coupe និង Hatchback ។ Civic ផ្ទុកទៅដោយបច្ចេកវិទ្យា និង ប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា Adaptive Cruise Control, Forward Collision Warning និង Automatic Emergency Braking ជាដើម ។ វាបំពាក់ម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៥៨ សេះ ហើយមានតម្លៃចាប់ពីខ្ទង់ ១៨ ០០០ ដុល្លារ ៕
ដោយ ៖ ឡុង
ប្រភព ៖ carfromjapan