កោះសាមសិប តំបន់ទេសចរណ៍ថ្មីនៅក្រចេះ ដូចឋានសួគ៌លើដី មានខ្សាច់សក្បុស
ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គជាប់ប្រទល់ខេត្តក្រចេះ និង ស្ទឹងត្រែង សហគមន៍ទេសចរណ៍ កោះសាមសិប ជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌លើដី ដែលមិនទាន់មានអ្នកស្គាល់ច្រើនប៉ុន្មានឡើយ ។ តំបន់ទេសចរណ៍ធម្មជាតិដ៏វិសេសវិសាលនេះ សម្បូរទៅដោយកោះរាប់រយ គ្របដណ្ដប់ដោយព្រៃឈើបៃតងខ្ចី តែមានកោះប្រមាណជាង ៣០ មានវាលខ្សាច់សក្បុស មិនលិចទឹកទាំងរដូវប្រាំង និង រដូវវស្សា ព្រមទាំងរំលេចជាទេសភាពស្អាតឥតខ្ចោះ ទើបប្រជាជនក្នុងសហគមន៍មូលមតិគ្នាដាក់ឈ្មោះថា «សហគមន៍ទេសចរណ៍កោះសាមសិប» ។
តាមការរៀបរាប់របស់លោក ណុប វណ្ណារិទ្ធិ ជាបុគ្គលិកអង្គការ NTFP-EP CAMBODIA និង ជាអ្នកសម្របសម្រួលក្នុងសហគមន៍នេះ បានប្រាប់ «ប្រជាប្រិយ» ថា ភ្ញៀវដែលទៅកម្សាន្តនៅទីនោះនឹងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយប្លែកអារម្មណ៍បំផុត តាមរយៈការទស្សនាព្រៃលិចទឹកដ៏កម្របំផុតនៅកម្ពុជា ទស្សនាសត្វស្លាបប្រមាណ ២១៨ ប្រភេទ ពិសេសសត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ដំណើរកម្សាន្តជិះទូកគយគន់ព្រៃលិចទឹក និង ថ្ងៃរៀបលិចដ៏ស្រស់ស្អាត ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច ការនេសាទត្រីបែបប្រពៃណីអ្នកស្រុក ការងូតទឹកលេងកម្សាន្តជាដើម ។
អ្វីដែលពិសេសបំផុតនោះអ្នកដែលដល់តំបន់នោះ អាចបោះតង់គេង លើវាខ្សាច់សក្បុស ឬ ក៏ស្នាក់នៅក្នុងផ្ទះស្នាក់របស់សហគមន៍ ការទទួលអាហារឆ្ងាញ់ៗនៅក្នុងសហគមន៍ ។ ទាំងនេះគឺ ខាងសហគមន៍ ជាអ្នករៀបចំជូនយ៉ាងពិសេសតែម្ដង ។ ការធ្វើដំណើរកម្សាន្តនៅទីនោះ មិនត្រឹមតែទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយប៉ុណ្ណោះទេ តែថែមទាំងអាចជួយផ្ដល់ប្រាក់ចំណូលដល់ប្រជាជនក្នុងសហគមន៍ ដើម្បីការពារនូវធនធានធម្មជាតិតាមដងទន្លេមេគង្គនេះទៀតផង ។
ចំពោះការចំណាយក្នុងដំណើរកម្សាន្តទៅកោះសាមសិបនេះ មានដូចជា ការស្នាក់នៅក្នុងតង់ម្នាក់ ៥ ដុល្លារទាំងខ្មែរ និង បរទេស ស្នាក់នៅក្នុងផ្ទះសហគមន៍ភ្ញៀវខ្មែរ ៣ ដុល្លារ បរទេស ៤ ដុល្លារ ។ ចំណែកអាហារវិញ ព្រឹក ២ ដុល្លារ ថ្ងៃ និង ល្ងាច ៣ ដុល្លារ សម្រាប់ភ្ញៀវខ្មែរ និង ព្រឹក ២ ដុល្លារ ថ្ងៃ និង ល្ងាច ៤ ដុល្លារសម្រាប់ភ្ញៀវបរទេស ។ រីឯការជីះទូកកម្សាន្តទស្សនាព្រៃលិចទឹក ចាប់ពី ១៥ ដុល្លារឡើងទៅតាមជិត ឬ ឆ្ងាយ ។
សហគមន៍ទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅ ភូមិប៉ុនជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ រាល់ព័ត៌មានទាក់ទងនឹងទីតាំងភូមិសាស្ត្រសូមទំនាក់ទំនងទៅកាន់លេខ ០១០ ២៥៧ ២០០ !!
សូមទស្សនាកម្រងរូបភាពដូចខាងក្រោម ៖
អត្ថបទ ៖ រាជ
រូបភាពផ្ដលដោយ ៖ Solo Landscape