មានករណីមួយនៅប្រទេសឥណ្ឌូនេស៊ី កំពុងបង្កឱ្យមានការភ្ញាក់ផ្អើលនៅតាមបណ្តាញសង្គម ដោយមានកូនក្រមុំមួយរូបរត់ចោលការ ធ្វើឱ្យប្អូនស្រីបង្កើតបង្ខំចិត្តរៀបការជំនួស ដើម្បីការពារមិនឱ្យគ្រួសារបាក់មុខ។
តាមព័ត៌មានបានឱ្យដឹងថា ដំបូងឡើយគ្រួសារខាងស្រីបានបង្ខំឱ្យនាងរៀបការ ជាមួយបុរសម្នាក់ដោយមិនបានសួរការពេញចិត្តរបស់នាងឡើយ នាងបានបង្ហាញការមិនពេញចិត្តឱ្យឪពុកម្តាយបានដឹងដែរ តែពួកគាត់នៅតែមិនស្តាប់នាង ដែលធ្វើឱ្យនាងខាំមាត់ព្រមរៀបការទាំងទើសទាល់។ យ៉ាងណាមិញ លុះមកដល់ថ្ងៃមុនរៀបការមួយថ្ងៃ នាងក៏សម្រេចចិត្តរត់ចោលរោងការ ដែលធ្វើឱ្យគ្រួសារញាតិមិត្តនាំគ្នាកើតការជ្រួលច្របល់ជាខ្លាំង។
ក្រោយមក ដោយសារតែគ្មានដំណោះស្រាយ ទើបឪពុកម្តាយរបស់នាងក៏បានសុំឱ្យប្អូនស្រីនាងមកធ្វើជាកូនក្រមុំជំនួសវិញ ទាំងដែលនាងទើបតែរៀនថ្នាក់ទី ៩ ប៉ុណ្ណោះ ដោយពិធីមង្គលការបានរៀបចំឡើងកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ។ ដោយឡែករឿងរ៉ាវមួយនេះ បានធ្វើឱ្យមហាជនផ្ទុះការបញ្ចេញគំនិតផ្សេងៗ ដោយអ្នកខ្លះបានអាណិត និង សរសើរទៅកាន់កូនស្រីបងដែលហ៊ានរត់ចេញពីផ្ទះ ហើយអ្នកខ្លះទៀតក៏អាណិតប្អូនស្រីដែលចៀសមិនផុតពីវប្បធម៌ចាប់ផ្សំផ្គុំរបស់ឪពុកម្តាយ៕
ប្រភព៖ Khaosod