ក្ដៅៗ! នាយករដ្ឋមន្ត្រីជប៉ុន ត្រូវជនមិនស្គាល់មុខវាយប្រហារដោយគ្រាប់បែកច្នៃ
លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida ជួបសំណាងល្អដែលមិនរងរបួស ព្រោះត្រូវជម្លៀសខ្លួនទាន់ពេលវេលា ក្រោយត្រូវជនមិនស្គាល់មុខធ្វើការគប់គ្រាប់បែកច្នៃមកលើលោក អំឡុងពេលចូលរួមកម្មវិធីមួយនៅទីក្រុង Wakayama។ ជនសង្ស័យក៏ត្រូវបានចាប់ក្របួចបានភ្លាមៗនៅកន្លែងកើតហេតុផងដែរ មុនពេលគ្រាប់បែកច្នៃមួយនោះផ្ទុះសាយភាយផ្សែងសខ្មួលខ្មាញ់។
កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ប៉ូលិសបានចំណាយពេលជាង ៨ ម៉ោង ក្នុងការឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ Ryuji Kimura អាយុ ២៤ ឆ្នាំ ហើយសម្រាប់អ្នករស់នៅក្បែរនោះ ត្រូវបានប៉ូលិសជម្លៀសចេញជាបណ្ដោះអាសន្នសិន ដើម្បីធានាសុវត្ថិភាព។ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ NHK បានឱ្យដឹងថា ប៉ូលិសបានប្រទះឃើញម្សៅរំសេវ និង ឧបករណ៍បំពង់ៗនៅផ្ទះជនសង្ស័យ ដោយពួកគេជឿជាក់ថា គ្រាប់បែកដែលជនសង្ស័យចោលវាយប្រហារលើលោកនាយករដ្ឋមន្ត្រីនោះ ជាគ្រាប់បែកច្នៃដោយខ្លួនឯង។
ជាមួយគ្នានោះដែរ ចាប់តាំងពីបានឃាត់ខ្លួនមកទល់ពេលនេះ ជនសង្ស័យនៅតែមាត់រឹងមិនព្រមសារភាពពីគោលបំណងដែលរូបគេធ្វើការវាយប្រហារលើលោកនាយករដ្ឋមន្ត្រីនោះឡើយ។ គួររំឭកផងដែរថា ការវាយប្រហារលើលោកនាយករដ្ឋមន្ត្រីជប៉ុននេះដែរ កើតមានឡើងមិនដល់មួយឆ្នាំផងក្រោយ ការធ្វើឃាតលើអតីតនាយករដ្ឋមន្ត្រី Shinzo Abe៕