គុណម្ដាយថ្លៃណាស់! លោកយាយ ណយ សំណាង បង្រៀនកូនប្រុសឱ្យចេះខំប្រឹងកុំដេករំពឹងសំណាងគេ
កាលពីពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រតារាជើងចាស់ លោកយាយ ណយ សំណាង ហាក់មានអារម្មណ៍ក្ដុកក្ដួលជាពន់ពេក ក្រោយបានឃើញស្ថានភាពសិល្បការិនីរូបនេះ កាន់តែចាស់ទ្រុឌទ្រោម ថែមទាំងធ្លាក់ខ្លួនមានជំងឺប្រចាំកាយទៀត។
តាមរយៈលោក វណ្ណា ស័ក្ដិ ដែលជាកូនប្រុសរបស់តារាជើងចាស់ ណយ សំណាង ធ្លាប់ចេញមុខបង្ហាញពីស្ថានភាពរបស់ម្ដាយខ្លះៗដែរនាពេលកន្លងមក ទោះបីជាជំងឺមិនទាន់ជាសះស្បើយ ប៉ុន្ដែសិល្បការិនីជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះ ហាក់សប្បាយចិត្តជាងមុន ព្រោះមានមហាជនជាច្រើននៅតែស្រឡាញ់ គាំទ្រ និង ផ្ដល់កម្លាំងចិត្តឱ្យ។
ងាកមកលោក វណ្ណា ស័ក្ដិ ដែលជាកូនប្រុសលោកយាយ ណយ សំណាង វិញ បច្ចុប្បន្នលោកគឺជាតារាចម្រៀងមានឈ្មោះបោះសំឡេងគួរសមនៅលើវិថីសិល្បៈ ដោយបទចម្រៀងរបស់លោក ត្រូវបានមហាជនចាក់ស្ដាប់ស្ទើរតែគ្រប់ទីកន្លែង។
យ៉ាងណាមិញ មុនពេលក្លាយជាតារាចម្រៀងមានមុខមាត់ដូចសព្វថ្ងៃ វណ្ណា ស័ក្ដិ បានទម្លាយថា ពីដំបូងលោកគឺជាអ្នករាំរបាំប្រពៃណី ក្រោយមកក្លាយជាអ្នករាំបែបសម័យ ហើយលោកប្រឹងតស៊ូរហូតក្លាយជាតារាចម្រៀងដូចពេលនេះ។ ការតស៊ូរបស់ វណ្ណា ស័ក្ដិ ពីមួយជំហានទៅមួយជំហាន គឺដោយសារបានគុណព្រះរស់នៅពីក្រោយ ៖ «ពីអ្នករាំរបាំប្រពៃណី មកជាអ្នករាំសម័យ រហូតបានក្លាយជាអ្នកចម្រៀងដែលបងប្អូនទទួលស្គាល់ដល់សព្វថ្ងៃ ហើយខ្ញុំពិតជាអរគុណព្រះរស់របស់ខ្ញុំ ដែលបង្រៀនខ្ញុំឱ្យចេះខំប្រឹង ព្យាយាម តស៊ូ រហូតមក»៕