នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យបានដឹងថា ករណីលោក បណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍ បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឱ្យដឹងថា ៖ «អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិលប្រហុកដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ក៏ប្រឹងថែមទឹកត្រី និង ប៊ីចេងដើម្បីវាយប្រហារនគរបាលចរាចរណ៍។ តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ? គ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ៖ «ខ្ញុំសូមបងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ពន្ធ័ សូមបញ្ចប់រឿងនេះត្រឹមនេះតាមរបៀបឈ្នះ-ឈ្នះ និង សហការគ្នាបន្តការងាររៀងៗខ្លួន។ សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រីប៊ីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ បើលុបសារនោះចោលខ្លួនឯងជាការល្អ ព្រោះខ្ញុំបានមើលរួចហើយ»៕