មិនធម្មតា! អាហ្សង់ទីន គ្រោងបោះពុម្ពក្រដាសប្រាក់ថ្មី ដាក់រូប Messi និង គ្រូបង្វឹក ដើម្បីសម្តែងការដឹងគុណ
បន្ទាប់ពីទទួលបានជ័យជម្នះ World Cup ២០២២ នៅប្រទេសកាតាមក ធនាគារកណ្តាលនៃប្រទេសអាហ្សង់ទីនគ្រោងនឹងបោះពុម្ពរូបកីឡាករ Lionel Messi នៅលើក្រដាសប្រាក់ធំជាងគេនៃប្រទេស ដើម្បីសម្ដែងការដឹងគុណចំពោះកីឡាកររូបនេះដែលបាននាំមកនូវភាពរុងរឿងដល់ប្រទេស។
យោងតាមសារព័ត៌មាន Tango បានឱ្យដឹងថា ក្រោយពីក្រុមជម្រើសជាតិអាហ្សង់ទីន បានដណ្ដើមពានមាស World Cup ២០២២ ធនាគារក៏គ្រោងនឹងយករូបកីឡាករ Lionel Messi ដែលជាប្រធានក្រុមអាហ្សង់ទីន បោះពុម្ពលើក្រដាសប្រាក់ដែលធំជាងគេរបស់ប្រទេស គឺក្រដាសប្រាក់ ១០០០ ប៉េសូ (ស្មើនឹង ៨ ដុល្លារអាមេរិក) ដោយផ្នែកខាងមុខដាក់រូប Messi និង ផ្នែកខាងក្រោយដាក់រូបគ្រូបង្វឹកលោក Lionel Scaloni។
យ៉ាងណាមិញ នេះគ្រាន់តែជាគម្រោងដែលដាក់ចេញដោយលោក Eduardo Hecker ប្រធានធនាគារកណ្តាលនៃប្រទេសអាហ្សង់ទីន ដែលត្រូវបានគាំទ្រដោយលោកទេសាភិបាល Lisandro Cleri និង ប្រជាជនមួយភាគធំនៃប្រទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានការជំទាស់ផងដែរ ព្រោះតែស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងប្រឈមនឹងបញ្ហាមួយចំនួន បើផលិតក្រដាសប្រាក់ថ្មីនឹងមានតម្លៃថ្លៃខ្លាំងអាចប៉ះពាល់ដល់ថវិកាទូទៅ៕
ប្រភព៖ Vietnam Post English