ចុងឆ្នាំ ២០២៣ តារាប្រុសស្រី ៣ រូប ត្រៀមដឹកដៃគូដណ្ដឹងចូលរោងការយ៉ាងអធិកអធម
ពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានឃើញតារាប្រុសស្រីជាច្រើនរូប បានស្វែងរកឃើញម្ចាស់ស្អំបេះដូងយ៉ាងស័ក្តិសម និង បានសម្រេចដឹកដៃគ្នាចូលជួបចាស់ទុំទាំងសងខាង ដើម្បីភ្ជាប់ពាក្យភ្ជាប់សម្ដីនឹងគ្នាហើយ ដែលឃើញថាអ្នកខ្លះក៏បានរៀបចំកម្មវិធីយ៉ាងធំដំដើម្បីភ្ជាប់ចំណងស្នេហ៍របស់ពួកគេ។
យ៉ាងណាមិញ មកចាប់អារម្មណ៍ពីសិល្បករ-ការិនី ៣ រូប ក្រោយរៀបចំកម្មវិធីភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងនឹងគ្នា នៅចុងឆ្នាំ ២០២៣ នេះ ពួកគេបានសម្រេចដឹកដៃគ្នាកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីហើយ ដែលបានឃើញចែកធៀបការបណ្ដើរៗផងដែរ។ តារាប្រុសស្រីទាំង ៣ រូបនោះមាន៖
១. ចំរើន សុភ័ក្ត្រ
តារាចម្រៀងស្រី ចំរើន សុភ័ក្ដ្រ មហាជនជាច្រើនសុទ្ធសឹងតែបានដឹងហើយថា កញ្ញាភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ដ៏ស្រស់សង្ហាជាសិល្បករដូចគ្នានោះ ប្រមាណរយៈពេលជាង ៧ ឆ្នាំហើយ ដោយគូដណ្ដឹងមួយគូនេះក៏បានសម្រេចចូលរោងការហើយដោយកំណត់ថ្ងៃនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។
២. ឃុន វុត្ថា
មកទល់ពេលនេះ តារាចម្រៀងប្រុសលោក ឃុន វុត្ថា និង គូដណ្ដឹងរូបស្រស់បានភ្ជាប់ពាក្យរយៈពេលជិត ១ ឆ្នាំហើយ ពោលគឺបានរៀបចំពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ដោយអ្នកទាំងពីរក៏បានកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះដែរ។
៣. ហ៊ិន ច័ន្ទនីរ័ត្ន
ចំពោះពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន ដែលទើបតែត្រូវបានមហាជនអបអរក្នុងថ្ងៃសិរីមង្គលដោយកញ្ញា និង គូស្នេហ៍បានរៀបចំពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ព្រមទាំងក៏បានកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចហើយដែរនៅចុងឆ្នាំនេះ គឺនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣៕