កាលពីល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចឃ្លាំងផលិត និង ស្តុបសម្ភារពូក ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបណ្តាលឱ្យឆេះម៉ូតូចំនួន ៥ គ្រឿង និង សម្ភារនៅក្នុងឃ្លាំងទាំងស្រុង ដោយឃ្លាំងត្រូវបានឆាបឆេះនោះ ត្រូវបានគេដឹងថាជាឃ្លាំងរបស់លោកស្រី សុខ ហេង ដែលជាម្ចាស់ហាងលក់ពូកល្បី «សុខ ហេង លក់ពូកសុខភាព»។

យ៉ាងណាមិញ ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកបានស្គាល់លោកស្រី សុខ ហេង បានបង្ហាញអារម្មណ៍សោកស្តាយ និង ខ្លះរន្ធត់ចិត្តចំពោះហេតុការណ៍ ដែលបានកើតឡើងចំពោះលោកស្រី ដោយគេចាំបានថា កាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅ លោកស្រី សុខ ហេង បានជួបហេតុការណ៍ឆេះផ្ទះវីឡាម្តងរួចមកហើយ ហើយមិនទាន់បាន ២ ឆ្នាំ ផង លោកស្រីមកជួបរឿងអាក្រក់នេះម្តងទៀត។
ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចូលរួមសោកស្តាយនៃការបាត់បង់ទ្រព្យសម្បត្តិរបស់លោកស្រី សុខ ហេង និង បានលើកឡើងថា មិនគួរណារឿងអាក្រក់កើតឡើងចំពោះ លោកស្រី និង ក្រុមគ្រួសារសោះ ព្រោះលោកស្រី គឺជាមនុស្សល្អ៕
