មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាចែកបន្តគ្នាព្រោងព្រាតទុកជាមេរៀន ក្រោយមានករណីក្មេងស្រីអាយុ ៥ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ជួបគ្រោះថ្នាក់ត្រូវរានទេវតារលំសង្កត់លើក្បាល បណ្តាលឱ្យបែកលលាដ៍ក្បាល និង ឆ្អឹងភ្នែកទាំងសងខាង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ទាក់ទិនទៅនឹងករណីនេះ ខាងមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ឱ្យបានដឹងថា កុមារីដែលរងរបួសមានអាយុ ៥ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានជួបគ្រោះថ្នាក់ដោយចៃដន្យ ត្រូវរានទេវតារលំសង្កត់លើក្បាល បណ្តាលឱ្យបែកលលាដ៍ក្បាល និង ឆ្អឹងភ្នែកទាំងសងខាង និង សន្លប់ខ្សោយដង្ហើមដោយសារហើមខួរក្បាលយ៉ាងធ្ងន់ធ្ងរបំផុត។
ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ ក្មេងស្រីដែលរងរបួសត្រូវបានក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យគន្ធបុប្ផា ថែទាំជួយសង្គ្រោះដោយម៉ាស៊ីនសប់ដង្ហើម និង ព្យាបាលហើមខួរក្បាល អស់រយៈពេល ៧ ថ្ងៃទើបដឹងខ្លួនវិញ ខណៈការព្យាបាលគឺពុំមានគិតថ្លៃនោះឡើយ។ ចំពោះករណីនេះ ក្រុមគ្រូពេទ្យក៏បានសំណូមពរឱ្យអាណាព្យាបាលយកចិត្តទុកដាក់ ដំឡើងរានទេវតាឱ្យបានរឹងមាំភ្ជាប់ដោយសុវត្ថិភាព ព្រោះអាចរលំសង្កត់លើក្មេងពេលតោងលេងជាយថាហេតុ៕