ថ្មីៗនេះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាលើបណ្ដាញសង្គម កំពុងផ្ទុះចែករំលែកវែកញែកខ្លាំង ក្រោយពីបានឃើញខាងស្ថាប័ន Miss Supranational Cambodia បានប្រកាសលុបចោលនូវវីដេអូ Instruction របស់កញ្ញា ឈុំ ចាន់ដារ៉ា ព្រោះក្នុងវីដេអូនោះមានចំណុចខ្លះមិនអាចបង្ហោះបាន ព្រមទាំងសុំអភ័យទោសចំពោះកំហុសអចេតនាដែលបានធ្វើឱ្យកើតជាបញ្ហាឡើង។
បើតាមរយៈការបង្ហោះចែករំលែក និង វែកញែកលើបណ្ដាញសង្គម ក៏បានឱ្យដឹងថា មូលហេតុដែលស្ថាប័ន MSC សម្រេចលុបវីដេអូនេះ គឺពាក់ព័ន្ធនឹងវីដេអូការរាំរបាំគ្រុឌបែបសហសម័យ ដែលបវរកញ្ញា ឈុំ ចាន់ដារ៉ា ត្រៀមសម្រាប់សម្ដែងបង្ហាញ Talent ឆាកអន្តរជាតិនៅប្រទេសប៉ូឡូញនោះ គឺមិនមានការសុំអនុញ្ញាតពីម្ចាស់សិទ្ធិ ដែលជាហេតុធ្វើឱ្យម្ចាស់របាំនេះ ពុំអនុញ្ញាតឱ្យយកទៅបង្ហាញ។
ជុំវិញបញ្ហាខាងលើនេះដែរ ឃើញថាទាំងខាងស្ថាប័នបវរកញ្ញា MSC និង ខាងម្ចាស់សិទ្ធិរបាំគ្រុឌ ត្រូវបានមហាជនអ្នកគាំទ្រលើហ្វេសប៊ុកបញ្ចេញមតិវែកញែក និង រិះគន់រកខុសត្រូវរៀងៗខ្លួន ខណៈពុំទាន់ឃើញមានការចេញបកស្រាយច្បាស់ពីរឿងរ៉ាវយ៉ាងណាឡើយ។
ស្របពេលកំពុងផ្ទុះវែកញែក និង មានមតិរិះគន់ច្រើនលើខាងម្ចាស់សិទ្ធិរបាំនេះដែរ ក៏បានឃើញហ្វេសប៊ុកផេក CBeauty Pageant បានបង្ហោះពីសំណេររបស់ម្ចាស់សិទ្ទិរបាំដែលមានឈ្មោះថា អ្នកគ្រូ ហ៊ុន ប៉ែន បានរៀបរាប់បកស្រាយជុំវិញរឿងខាងលើ ដោយលើកឡើងជាច្រើនចំណុច និង មូលហេតុច្បាស់ៗដែលអ្នកគ្រូមិនអនុញ្ញាតឱ្យខាងស្ថាប័ន និង បវរកញ្ញា MSC 2025 យករបាំនេះទៅបង្ហាញលើឆាកអន្តរជាតិ។
ក្នុងនោះ អ្នកគ្រូ ហ៊ុន ប៉ែន ដែលជាម្ចាស់សិទ្ធិរបាំគ្រុឌបានរៀបរាប់ថា ៖ « ជម្រាបសួរបងប្អូនទាំងអស់គ្នា! នាងខ្ញុំជាអ្នកស្រាវជ្រាវនិងបង្កើតរបាំគ្រុឌ ឈ្មោះ ហ៊ុន ប៉ែន។ សូមអរគុណចំពោះការបញ្ចេញមតិយោបល់។ ក្នុងនាមខ្ញុំជាសិល្បការនីរបាំ ជាគ្រូ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈរបាំបុរាណនិងរបាំសហសម័យ ហើយក៏ជាម្ចាស់សិទ្ធិរបាំគ្រុឌនេះ នាងខ្ញុំសូមសរសេរជាសំណេរដូចខាងក្រោមនេះ។
នាងខ្ញុំបានបញ្ជាក់ច្បាស់ជូនចំពោះអ្នកនាង ឈុំ ចាន់ដារ៉ា និងក្រុមការងាររបស់គាត់ថានាងខ្ញុំមិនអនុញ្ញាតិអោយគាត់សំដែងរបាំគ្រុឌ និងប្រើប្រាស់វិដេអូរបាំគ្រុឌដែលគាត់បានថតដោយខ្លួនឯងដែលគ្មានការអនុញ្ញាតិពីខ្ញុំទេ(សូមបញ្ជាក់ថាគាត់ហាត់ដោយខ្លួនឯង រួចថតចេញជាវីដេអូដោយខ្លួនឯង រួចផ្ញើរទៅក្រៅប្រទេសរួចជាមុនហើយទើបផ្ញើរវីដេអូមកសុំសិទ្ធិពីនាងខ្ញុំតាមក្រោយ។ ពេលពិនិត្យមើលវិដេអូរបាំនេះហើយ ខ្ញុំសម្រេចចិត្តមិនអនុញ្ញាតិអោយគាត់សំដែងរបាំគ្រុឌ និងប្រើប្រាស់វិដេអូនេះទេ ព្រោះ ៖
១ គាត់បានបញ្ចូលភ្លេងថ្មីផ្សេងទៀតលាយជាមួយភ្លេងដើមរបស់របាំគ្រុឌ ដោយគ្មានសុំការអនុញ្ញាតិពីលោកគ្រូសាស្ត្រាចារ្យភ្លេងនិងនាងខ្ញុំដែលជាម្ចាស់សិទ្ធិ។
២ គាត់ហាត់រៀនដោយចិត្តឯងគ្មានក្បួនខ្នាត ខុសខ្នាត ខុសចរិត ខុសក្បាច់ របាំគ្រុឌ ច្រើនណាស់។
៣ គាត់ស្លៀកសំលៀកបំពាក់ និងតុបតែងគ្រឿងរបាំគ្រុឌខុសច្រើន។
ខាងគាត់បានយល់ព្រមរួចហើយថានិងដកវីដេអូនេះ ប៉ុន្តែខាងគាត់បែរជាបន្តចេញវីដេអូមួយផ្នែកខ្លីរបាំគ្រុឌនៅលើ PAGE Miss Supranational Cambodia ។ នាងខ្ញុំបានបន្ថែមប្រាប់គាត់នៅក្នុងកិច្ចសន្ទនាតាម Messenger ទៀតថា “អ្នកគ្រូធ្វើវិធីនេះគឺដើម្បីការពារដល់ពួកគាត់ ព្រោះការចេញទៅតំណាងខ្មែរទាំងខុសនាំអោយមានផលមិនល្អទៅវិញ”។
ក្នុងហេតុនេះ នាងខ្ញុំសូមជម្រាបជូនបងប្អូនសារធារណៈជនអោយបានជ្រាបថា៖ ការពារសិទ្ធិបញ្ញា និងមរតកវប្បធម៌របស់ខ្លួនមិនមែនជាសកម្មភាពមិនចែករំលែកទេ តែវាជាកាតព្វកិច្ចនៃការទទួលខុសត្រូវ និងភាពសុចរិត។ បំណងរបស់ខ្ញុំមិនមែនដើម្បីបំបិទនរណាម្នាក់ទេ ប៉ុន្តែដើម្បីការពារ គាំទ្រសិទ្ធិ ច្បាប់ សេចក្តីថ្លៃថ្នូរ និងសីលធម៌របស់អ្នកបង្កើត សិល្បករ និងគ្រូសិល្បៈទាំងឡាយទៅថ្ងៃមុខ និងកាពារសេចក្តីគោរពចំពោះសហគមន៍សិល្បៈនៅកម្ពុជា ទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។
ទោះយ៉ាងណា ខ្ញុំសូមបញ្ជាក់ឡើងវិញថា ការប្រើប្រាស់ “របាំគ្រុឌ” ដោយគ្មានការអនុញ្ញាត គឺជាការរំលោភសិទ្ធិយ៉ាងច្បាស់ទៅលើកម្មសិទ្ធិបញ្ញាចំនួន៣៖
១ សិទ្ធិសីលធម៌
២ សិទ្ធិសេដ្ឋកិច្ច
៣ សិទ្ធិផ្តាច់មុខ
នេះមិនមែនជាបញ្ហាផ្ទាល់ខ្លួនទេ តែវាជាបញ្ហាផ្នែកច្បាប់ វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់គ្រូសិល្បៈ សិល្បករនិងសិល្បការនី។ ការគោរពសិទ្ធិរបស់សិល្បករគឺជាគ្រិះសំខាន់បំផុតសម្រាប់វេទិការវប្បធម៌លើឆាកជាតិ និងអន្តរជាតិ។
✦ ការពារសិទ្ធិ និងស្នាដៃសិល្បៈមិនមែនជាការកំណាញ់រឺចិត្តអាក្រក់ទេ តែវាជាការការពារអត្តសញ្ញាណសិល្បៈ និងការការពារសេចក្តីថ្លៃថ្នូររបស់សិល្បករ។
✦ ខ្ញុំព្យាយាមថែរក្សាភាពសុចរិតរបស់របាំនិងសិល្បៈមិនមែនជាការចិត្តអាក្រក់ទេ តែវាជាកាតព្វកិច្ចរបស់ខ្ញុំជាគ្រូសិល្បៈនិងជាអ្នកដឹកនាំ។
✦ ការរិះគន់ដល់ម្ចាស់សិទ្ធ ម្ចាស់ទ្រព្យក្នុងការការពារទ្រព្យសម្បត្តិរបស់ខ្លួនមិនមែនជាទង្វើលើកដំកើងជាតិទេ តែវាជាការជាន់ឈ្លីតម្លៃរបស់សិល្បករនិងម្ចាស់សិទ្ធ។ សូមអរគុណ សូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ! ហ៊ុន ប៉ែន»៕