នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។
តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា គិតចាប់ពីរសៀល វេលាម៉ោង ៤:០០ នាទី ថ្ងៃទី ២៤ មករា និង ព្រឹកម៉ោង ៧:០០ នាទី ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ ក្នុងនោះមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និង កោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។
ក្នុងនោះដែរ គេសង្កេតឃើញថា បណ្ដាខេត្តដែលមានសន្ទស្សន៍គុណភាពខ្យល់ល្អ មានពណ៌បៃតង សរុបមាន ០៨ ខេត្ត រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តកែប និង ខេត្តត្បូងឃ្មុំ។ ដោយឡែកខេត្តកំពត ជាខេត្តតែមួយគត់ដែលមានសន្ទស្សន៍គុណភាពខ្យល់ល្អជាងគេបំផុត ស្ថិតក្នុងបន្ទាត់ពណ៌ខៀវ ល្អជាងពណ៌បៃតង៕