អ្នកនិយមគាំទ្រស្នេហាកីឡាបាល់ទាត់ និង អ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា បាននាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខទាំងក្ដីអាល័យ ចំពោះមរណភាពរបស់អតីតកីឡាករបាល់ទាត់ជម្រើសជាតិ ទេស សម្បត្តិ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រឡាយទឹកសាក់សំពៅ ស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយជ្រាបនូវដំណឹងមរណភាពនេះ លោក Keisuke Honda អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា និង ជាអតីតគ្រូបង្វឹករបស់កីឡាករ ទេស សម្បត្តិ ផ្ទាល់ បានបង្ហោះសារចូលរួមសោកស្ដាយថា «Sambath, Too young to die – I still can’t believe it» ដែលមានអត្ថន័យថា ៖ «សម្បត្តិ នៅក្មេងពេកហើយ ដែលត្រូវបាត់បង់ជីវិត ខ្ញុំនៅតែមិនអាចជឿនូវរឿងនេះ»។
សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋបានប្រទះឃើញសពកីឡាករ ទេស សម្បត្តិ និង ម៉ូតូម៉ាក ADV មួយគ្រឿង នៅក្នុងប្រឡាយទឹកសាក់សំពៅ ស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីនៃការិយាល័យនគរបាលបច្ចេកទេស និង វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យកោសល្យវិច្ច័យ ទៅលើសព និង ស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕