អ្នកគាំទ្រផ្ទុះសង្ស័យ រឿន ណាត និង គូស្នេហ៍ដើរដល់ផ្លូវបំបែក ក្រោយឃើញការបង្ហោះនេះ
បើនិយាយពីគូស្នេហ៍អ្នកសិល្បៈដ៏ផ្អែមល្ហែមគឺ Miss Universe Cambodia 2018 កញ្ញា រឿន ណាត និង ឌីជេ អ៊េម តែងតែធ្វើឱ្យអ្នកគាំទ្រមានស្នាមញញឹមរាល់ពេលឃើញអ្នកទាំងពីរបង្កើតបរិយាកាសរ៉ូមែនទិច ថតរូបគូៗ បង្ហោះនៅលើបណ្ដាញសង្គមបង្ហាញឱ្យមហាជនបានឃើញ។
កន្លងមក ទោះបីជាស្រីស្រស់ រឿន ណាត និង គូស្នេហ៍បណ្ដូលចិត្តមមាញឹកនឹងការងាររៀងៗខ្លួន ប៉ុន្ដែពួកគេតែងណាត់ជួបគ្នាដើម្បីបង្កើតអនុស្សាវរីយ៍ បន្ថែមក្ដីស្រឡាញ់ឱ្យកាន់តែកើនឡើងរាល់ថ្ងៃ ជាពិសេសរាល់ពេលមានឱកាសពិសេសដូចជាថ្ងៃខួបស្នេហា ឬថ្ងៃខួបកំណើតភាគីទាំងសងខាងម្ដងៗ តែងឃើញអ្នកទាំងពីរណាត់ជួបគ្នាជានិច្ច។
ដោយឡែក មកដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ កញ្ញា រឿន ណាត និង គូស្នេហ៍ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញគូស្នេហ៍របស់បវរកញ្ញារូបនេះ គឺ ឌីជេ អ៊េម បានបង្ហោះសារមួយហាក់បង្ហាញពីទំនាក់ទំនងស្នេហ៍របស់អ្នកទាំងពីរបានដើរដល់ផ្លូវបញ្ចប់ហើយ ក្រោយទាក់ទងគ្នារយៈពេល ៣ ឆ្នាំ។
យ៉ាងណាមិញ បើក្រឡេកមើលបណ្ដាញសង្គមហ្វេសប៊ុករបស់បវរកញ្ញា រឿន ណាត គេក៏សង្កេតឃើញថាកញ្ញាក៏បានបង្ហោះដំរួយឱ្យដឹងថា កំពុងប្រើជីវិតនៅលីវជាថ្មីផងដែរ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាកញ្ញា និង គូស្នេហ៍បានបែកបាក់គ្នាពិតមែនឬយ៉ាងណា ដោយគ្រាន់តែមុនថ្ងៃទិវានៃក្ដីស្រឡាញ់ ឃើញកញ្ញាបានបង្ហោះសារថា ៖ «ស្អែកបុណ្យសង្សារហើយ មិនដឹងបានសង្សារពីណាធ្វើបុណ្យហ្នឹងគេ»៕