កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ Kim Kardashian ដែលគេស្គាល់ថា ជាតារាម៉ូឌែល ពាណិជ្ជករ ផលិតករ និង តារាសម្តែង ហើយក៏ជាសេដ្ឋីប្រាក់ពាន់លានដុល្លារផងនោះ បានធ្វើឱ្យពិភពលោកផ្ទុះការចាប់អារម្មណ៍ ជាមួយការតុបតែងខ្លួនគ្របមុខជិត ចូលរួមកម្មវិធីគម្រប់ខួប ៥ ឆ្នំា នៃសារមន្ទីរភាពយន្ត Academy Museum Gala។
នាងបានពាក់ឈុត Couture របស់ម៉ាក Maison Margiela ដែលជាម៉ាកប្រណីតរបស់បារាំង។ រ៉ូបពណ៌សាច់របស់នាង មានលក្ខណៈលាតសាមញ្ញ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត ឈុតនេះមានបន្ថែមលេងម៉ូដគ្របក្បាល និង បិទមុខជិតទាំងស្រុង រួមជាមួយបំពាក់ខ្សែក choker ពណ៌ប្រាក់ រំលេចដោយត្បូងពណ៌បៃតង ប្រើជាក្រវាត់រុំក្រណាត់ជាប់នឹងកតែម្តង។
តាមរយៈស្ទីលនេះ គេអាចសម្គាល់នាងត្រឹមទម្រង់បបូរមាត់ និង ច្រមុះ ដែលផុសតាមក្រណាត់ប៉ុណ្ណោះ។ អាចថាជាស្ទីលហ្វេហ្សិន តែវាក៏ធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ផងដែរ។
តាមពិតទៅ មិនមែន Kim Kardashian នាងមិនចង់បញ្ចេញមុខនោះទេ ពោល គឺនាងចង់បង្ហាញពីការគោរពចំពោះម៉ាកសម្លៀកបំពាក់ Maison Margiela ដែលបង្កើតស្ទីលរ៉ូបមកជាមួយការបិទបាំងមុខនេះឯង។ ជាក់ស្តែង ម៉ាកសម្លៀកបំពាក់នេះ តែងតែបង្ហាញម៉ូដថ្មីៗជាមួយស្ទីលគ្របមុខ អស់រយៈកាលប្រមាណ ៣-៤ ទសវត្សរ៍មកហើយ។ ដូច្នេះ វាក៏ជាផ្នែកមួយធ្វើឱ្យ Kim Kardashian មានអារម្មណ៍ពិសេស នៅពេលបានបង្ហាញស្ទីលបែបនេះ៕