និយាយពីស្មារតីស្នេហាជាតិរបស់បវរកញ្ញាវ័យក្មេងដ៏មានឥទ្ធិពល ជូរី ល្អហួស កន្លងមក នាងបានបង្ហាញសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមប្រើប្រាស់សំឡេងរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ថៃ ក៏ដូចជាបង្ហាញការពិតនៃកម្ពុជាទៅកាន់ពិភពលោក តាមរយៈវីដេអូភាសាបរទេស និង ចេញជាចម្រៀងបង្ហាញក្ដីឈឺចាប់របស់កម្ពុជា។
លើសពីនេះ បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ក៏ធ្លាប់សន្យាម្ដងហើយទាក់ទងនឹងការប្រើសំឡេងលើឆាកអន្តរជាតិ ដែលនាងបានប្រកាសថាបើសិនជាប់មកុដ MTC 2025 តំណាងកម្ពុជាទៅប្រកួតនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២៦ ខាងមុខ គឺនាងនឹងប្រើវេទិកាអន្តរជាតិនេះ ដើម្បីនិយាយបកស្រោមមុខនៃការឈ្លានពានរបស់ថៃមកលើកម្ពុជាឱ្យពិភពលោកបានដឹង។
ដោយឡែក មកដល់ថ្មីៗនេះ ជូរី ល្អហួស កាន់តែបង្ហាញឆន្ទៈយ៉ាងមុតមាំចំពោះការតតាំងប្រឆាំងនឹងការបំភ្លៃការពិតពីកម្ពុជា ខណៈបានឃើញវីដេអូរបស់ Miss Grand ថៃ បានឡើងនិយាយប្រតិដ្ឋ និង សម្ដែងដើរតួជាប្រទេសរងគ្រោះលាបពណ៌កម្ពុជាលើវេទិកាប្រកួតអន្តរជាតិ MGI កាលពីថ្មីៗកន្លងទៅ។
ចំពោះការបង្ហោះនេះ បវរកញ្ញា ជូរី ល្អហួស បានរៀបរាប់ពីការតាំងចិត្តយ៉ាងគួរឱ្យសរសើរ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រពេញចិត្តខ្លាំង ខណៈនាងរងចាំតែឱកាសល្អបានឡើងឆាកអន្តរជាតិពេលណា នាងនឹងតំណាងឈ្មោះកម្ពុជាលើកនិយាយការពិតនៃកម្ពុជាទៅកាន់ពិភពលោកវិញម្ដង។
សារនោះ ជូរី ល្អហួស បានបង្ហោះរៀបរាប់ថា ៖ «Miss MGI សៀ..ម និយាយខុសពីការពិត ប្រឌិតទាំងស្រុង ពូកែសម្តែងណាស់ អ្នកសើចមុនសិនចុះ ចាំឱ្យកម្ពុជានិយាយការពិតនៅលើឆាកអន្តរជាតិវិញម្ដង អ្នកសើចក្រោយអាចឮជាងអ្នកសើចមុន»៕