នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។
តាមរយៈសេចក្ដីសង្ខេបព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ឱ្យដឹងថា «ចំពោះការចុះសួរសុខទុក្ខរបស់គណៈកម្មការ កាកបាទក្រហមអន្តរជាតិ ICRC បានទទួលព័ត៌មាន យោធិននៃកងយោធពលខេមរៈភូមិន្ទ ដែលដែលស្ថិតនៅក្រោមការឃុំខ្លួនរបស់ភាគីថៃនេះគឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា»។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។ នៅក្នុងជំនួបនោះ លោក Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨ រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន៕