ទើបអាយុ ១៣ ឆ្នាំ តែអាចប្រឡងបាក់ឌុបបាន តាមពិត គីមហុង មានសមត្ថភាពពិសេសតាំងពីអាយុ ២ ឆ្នាំមកម្ល៉េះ
កាលពីឆ្នាំ ២០១៧ កន្លងទៅ កុមារា ហ៊ឺ ទៀង គីមហុង បានធ្វើឱ្យមហាជនខ្មែរ រួមទាំងថ្នាក់ដឹកនាំ នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរជាខ្លាំងនូវសមត្ថភាពរបស់គេ ដោយសារតែមានអាយុទើបតែ ៧ ឆ្នាំ តែមានសមត្ថភាពពិសេសអាចដោះស្រាយលំហាត់គណិតវិទ្យា ថ្នាក់ទី ១២ បាន ដែលជារឿងដ៏អស្ចារ្យបំផុត។
ទាក់ទិនទៅនឹងប្រវត្តិរបស់ក្មេងប្រុសខាងលើ តាមរយៈជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្មេងប្រុស គីម ហុង កាលពីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៧ កន្លងទៅ បានឱ្យដឹងថា កុមារា គីមហុង ធ្លាប់រៀននៅសាលាបឋមសិក្សា ហ៊ុនសែន អនុវត្ត ខេត្តតាកែវ មានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
កុមារា គីមហុង គឺជាកុមារដែលមានសមត្ថភាពពិសេស យល់ដឹងលើភាសាខ្មែរ និង គណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និង រៀបអក្សរខ្មែរ និង អក្សរឡាតាំងកាលពីអាយុជាង ២ ឆ្នាំ។ លុះអាយុបាន ២ ឆ្នាំកន្លះ កុមារ គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងអាយុ ៧ ឆ្នាំ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ក្មេងប្រុស គីមហុង បានសន្ទនាជាភាសាអង់គ្លេសជាមួយចៅស្រីសម្ដេច ដែលក្នុងនោះសម្តេចក៏បានប្រាប់ឱ្យ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និង ទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ ដែលរូបគេធ្វើបានយ៉ាងល្អគួរឱ្យកោតសរសើរ។
ដោយសារកុមារនេះមានសមត្ថភាពពិសេស សម្តេចតេជោបានស្នើអាហារូបករណ៍ពិសេសពីសាលា Beltei ដល់ គីមហុង បានសិក្សាចំណេះដឹងទូទៅ និង បានស្នើឱ្យលោក ដួង តារា ជាជំនួយការសម្តេចតេជោ និង ក្រុមគ្រួសារ ពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និង កីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារ គីមហុង។ ក្នុងនោះ សម្តេច ក៏ទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សាសម្រាប់កុមារា គីមហុង ទាំងស្រុងផងដែរ។
គួរឱ្យដឹងផងដែរ នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ០៥ ធ្នូ ២០២២ នេះ កុមារវ័យឆ្លាត ហ៊ឺ ទៀងគីមហុង គឺជាបេក្ខជនប្រឡងបាក់ឌុបមួយរូប ដែលមានអាយុទើបតែ ១៣ ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរធនធានពិសេសរូបនេះសាជាថ្មី៕
ប្រភព ៖ Samdechhunsen.gov.kh