ជាការពិតណាស់ កាលពីសប្តាហ៍មុន អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា បានបង្ហាញមោទកភាពជាថ្មីសម្រាប់លោក ក្នុងនាមជាសិល្បករខ្មែរ ដែលបានចូលរួមបង្ហាញពីតន្ត្រី វប្បធម៌ អរិយធម៌របស់ខ្មែរទៅកាន់ពិភពលោកតាមរយៈ MV ថ្មី បទ «Asian State Of Mind» ដែលចេញជាផ្លូវការកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ។
ក្នុងនោះ បទ «Asian State Of Mind» បានច្រៀងរួមគ្នាជាមួយនឹងកំពូលតារាចម្រៀងរ៉េបទាំង ៥ នៅ អាស៊ី រួមមានតារាចម្រៀងរ៉េបជប៉ុន Awich, តារាចម្រៀងរ៉េបកូរ៉េ Jay Park, តារាចម្រៀងរ៉េបកូរ៉េ-ឥណ្ឌា KR$NA និង តារាចម្រៀងរ៉េបចិន Masiwei ហើយចុងក្រោយគឺតារាចម្រៀងរ៉េបរបស់កម្ពុជា លោក ម៉ាន វណ្ណដា។
ដោយឡែក ស្របពេលនឹងការបកស្រាយជាភាសាខ្មែរ ដោយមានបញ្ជូលនូវការបង្ហាញអរិយធម៌ វប្បធម៌បុរាណខ្មែរជាច្រើន ដោយមានទាំងប្រាសាទមួយចំនួនលើទឹកដីខេត្តសៀមរាប និង ការច្របាច់បញ្ជូលឧបករណ៍តន្ត្រីខ្មែរក្នុងភ្លេងនោះដែរ វណ្ណដាក៏ត្រូវបានមហាជនចាប់អារម្មណ៍នឹងឈុតសូត្រខ្មែរ ពណ៌ប្រាក់របស់លោក ដែលបានស្លៀកថតក្នុង MV នោះដូចគ្នា។
ឈុតច្នៃឡើងបែបសហសម័យ ដោយសូត្រខ្មែរពណ៌ទឹកប្រាក់ ដែល វណ្ណដា បានស្លៀកនោះដែរ គឺជាការច្នៃឡើងដោយ យុវជន យុវតី ២ រូប ដែលជា Head Stylist & Costume Designer របស់ផលិតកម្មបារមី ដោយក្នុងនោះរួមមាន លោក អ៊ូ ដានីញ៉ែល ស្ថាបនិក OMENS កូនប្រុសពៅរបស់ នាយ ក្រឹម និង មិត្តស្រី គឺកញ្ញា Sophea។ ក្នុងនោះដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ឈុតសូត្រខ្មែរច្នៃឡើង ដោយកូនខ្មែរទាំង ២ រូបសម្រាប់ វណ្ណដា បានចាយពេលត្រឹមរយៈពេល ២ ថ្ងៃ និង ច្នៃឡើងអភិវឌ្ឍន៍ ឈុតបុរាណ លាយនឹងសហសម័យ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖