កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីដ៏គួរឱ្យហួសចិត្តរបស់បុរសម្នាក់ ដែលសុំសង្សារត្រូវគ្នាវិញមិនបានសម្រេច ខឹងពេកបែកគំនិតយកគ្រាប់បែកគប់ដាក់នាង តែចៃដន្យភ្លាត់ស្នៀតបែរជាផ្ទុះស្លាប់ខ្លួនឯង។
តាមរយៈសារព័ត៌មាន Khaosod បានឱ្យដឹងថាហេតុការណ៍មួយនេះ បានកើតឡើងនៅស្រុក Tha Chana ខេត្ត Surat Thani ប្រទេសថៃ ដោយខាងស្រីមានវ័យ ២៨ ឆ្នាំ រីឯខាងប្រុសមានវ័យ ៣៥ ឆ្នាំ។ គូស្នេហ៍នេះបានទាក់ទងគ្នាប្រហែលជា ២ ខែមកហើយ តែក្រោយមកខាងស្រីក៏បានសុំបែក ហើយរត់ទៅនៅផ្ទះអតីតស្វាមីនាងវិញ។
ខាងប្រុសក៏បានជិះឡានមកសុំត្រូវគ្នា តែនាងមិនព្រមធ្វើខាងប្រុសខឹងមិនសុខចិត្ត ក៏បានរត់ទៅយកគ្រាប់បែកនៅក្នុងឡានមកគប់ដាក់នាង តែនាងរត់ចូលក្នុងផ្ទះបិទទ្វារទាន់ទើបធ្វើឱ្យគ្រាប់បែករមៀលចេញមកក្រៅ ខាងប្រុសក៏ទៅរើសបម្រុងនឹងគប់ដាក់នាងម្តងទៀត ចៃដន្យក៏ផ្ទុះភ្លាមៗបណ្តាលឱ្យខាងប្រុសស្លាប់នៅនឹងកន្លែង ព្រមទាំងរបួសដល់ញាតិមិត្តខាងស្រីមួយចំនួនទៀត។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា បុរសជាជនបង្កធ្លាប់មានពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលទើបនឹងចេញពីពន្ធនាគារមិនទាន់បានប៉ុន្មានឡើយ ហើយក្រោយពីគេស្លាប់នេះ ប៉ូលិសក៏បានឆែកក្នុងឡាន នឹងបានប្រទះគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៥០០ ក្រាមទៀតផងដែរ៕
ប្រភព៖ Khaosod