សារព័ត៌មាន New York Post បានរាយការណ៍ពីករណីមួយនៅសហរដ្ឋអាមេរិក ដែលមានក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់មិនដឹងថាម្តាយ និងបងប្រុសស្លាប់ នាងនៅជាមួយសពក្នុងផ្ទះតែម្នាក់ឯងជាច្រើនសប្តាហ៍ ដោយការញ៉ាំសូកូឡាដើម្បីរស់។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅបន្ទប់អាផាតមិនមួយកន្លែងនា Bronx ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងនោះស្រ្តីជាម្តាយមានវ័យ ៣៨ ឆ្នាំ មានកូនស្រីអាយុ ៤ ឆ្នាំម្នាក់ និង កូនប្រុសអាយុ ៨ ឆ្នាំម្នាក់ ដែលមានពិការភាព ត្រូវឱ្យនាងមើលថែ និង ផ្តល់អាហារទុយោជាប្រចាំ។ យ៉ាងណាមិញ អ្នកជិតខាងបានឱ្យដឹងថា គេខានឃើញម្តាយកូនទាំង ៣ នាក់នេះចេញមកក្រៅជាច្រើនសប្តាហ៍ ហើយក៏ចាប់ផ្តើមធុំក្លិនប្លែកៗ គេក៏បានហៅម្ចាស់អាផាតិមកមើល តែម្ចាស់អាផាតមិនក៏មិនមក។

ដោយឡែកនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ខាងប៉ូលិសក៏បានចុះទោមើល តែមិនបានធុំក្លិនអ្វីចម្លែក ទើបមិនបានគាស់ទ្វារចូលមើល លុះដល់ថ្ងៃទី ១៨ ខែមេសា ឪពុករបស់ស្រ្តីជាម្តាយនោះក៏បានឱ្យកូនស្រីច្បងទៅគាស់ទ្វារអាផាតមិនប្អូនស្រីមើល ក៏ឃើញថានាង និង កូនប្រុសបានស្លាប់បាត់បង់ជីវិតទៅហើយ នៅសល់តែកូនស្រីវ័យ ៤ ឆ្នាំ ដែលអង្គុយញ៉ាំសូកូឡានៅជិតសពម្តាយ។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីជាម្តាយមានជំងឺហឺតប្រចាំខ្លួន ទើបគេសន្និដ្ឋានថានាងបានស្លាប់ដោយសារតែជំងឺគាំងបេះដូង រីឯកូនប្រុសអាយុ ៨ ឆ្នាំនោះវិញ អាចស្លាប់ដោយសារតែការអត់អាហារ ព្រោះតែម្តាយស្លាប់មុន មិនមានអ្នកយកអាហារឱ្យ៕

ប្រភព៖ Kapook