ធ្លាប់តែសម្ដែងតួស្លូត តែពេលនេះ Aff សម្ដែងជាតួចិត្តអាក្រក់ម្តង ធ្វើឱ្យមហាជនពេញចិត្តហួសថ្លែង
Aff Taksaorn ជាកំពូលតារាស្រីក្នុងដួងចិត្តមហាជនភាគច្រើន មិនថាប្រិយមិត្តក្នុង និង ក្រៅប្រទេសនោះទេ តែងតែអួតសរសើរមិនដាច់ពីមាត់ឡើយចំពោះនាង។ ឈានជើងចូលវិស័យសិល្បៈរាប់ឆ្នាំ តារាស្រីរូបនេះ តែងធ្វើឱ្យមហាជនអ្នកទស្សនាស្រឡាញ់ចូលចិត្ត ជាពិសេសអត្តចរិតឫកពាថ្លៃថ្នូររបស់នាង។
ភាគច្រើនមហាជនតែងឃើញតារាស្រីរូបនេះសម្ដែងជាតួអង្គឯក មានអត្តចរិតស្លូតបូតត្រូវនឹងជីវិតពិតរបស់នាង តែថ្មីៗនេះ ស្រាប់តែធ្វើឱ្យអ្នកគាំទ្រទទួលបានចំណីចក្ខុថ្មីដោយហេតុថាអ្នកមេម៉ាយរូបស្រស់ពេញដោយទេពកោសល្យ និង សមត្ថភាពរូបនេះ បានផ្លាស់ប្តូរទៅសម្ដែងជាតួកាច និង ចិត្តអាក្រក់មានល្បិចកិច្ចកលក្នុងរឿង «Nobody’s happy if I’m not» ជាមួយនឹងតារាសម្ដែង Taew Natapohn ។
តារាស្រី Aff ជាតារាសម្ដែងមានសមត្ថភាពខ្ពស់ ទោះបីសម្ដែងជាចរិតបែបណាក៏ស័ក្តិសម លុះមកប្តូរចរិតមកសម្ដែងតួកាចទៀតរឹតតែធ្វើឱ្យមហាជនរំភើបចិត្តហួសថ្លែង ព្រោះថាគេធ្លាប់តែឃើញនាងសម្ដែងបែបទន់ភ្លន់ មិនសូវមាត់ក។ អ្វីដែលសំខាន់ នាងត្រូវសម្ដែងប៉ះគ្នា នឹងតារាស្រី Taew ទៀតកាន់តែទទួលបានការកោតសរសើរ និង គាំទ្រខ្លាំងពីមហាជន ដោយពេលនេះរឿងទើបតែចេញបាន ២ ភាគ សន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដីទៅហើយ៕