កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសមហាជន និង មន្ត្រីគ្រប់ស្ថាប័នទាំងអស់ មានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងមរណភាពរបស់ឯកឧត្តម ស្វាយ ដូត មន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តម ស្វាយ ដូត បានទទួលមរណភាពដោយសារបញ្ហាបេះដូង ខណៈពេលកំពុងចូលរួមទាត់បាល់ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក្នុងវ័យ ៥៦ ឆ្នាំ។ ដំណឹងមរណភាពរបស់ឯកឧត្តម ស្វាយ ដូត បានធ្វើឱ្យមហាជនមានការសោកស្តាយយ៉ាងខ្លាំង ដែលនេះជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ ដោយឯកឧត្តមជាមន្ត្រីមួយរូបស្លូតបូត និង ស្មោះត្រង់ ហើយទទួលបានការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីអ្នករួមការងារ ក៏ដូចជាមិត្តភក្តិ។
អ្វីដែលកាន់តែបានធ្វើឱ្យមហាជនក្តុកក្តួលខ្លាំង គឺទិដ្ឋភាពរបស់ឯកឧត្តម ស្វាយ ដូត ខណៈឯកឧត្តមកំពុងប្រកួតនៅលើទីលានបាល់ទាត់ ដោយឯកឧត្តមបានដួលម្តងនៅកណ្តាលតារាងបាល់ ប៉ុន្តែបានក្រោកឡើង និង បានដើរហៀបនឹងដល់ទីតាំងសម្រាកទៅហើយ បែរទន់ជើងដួលម្តងទៀតបាត់មាត់-ក គ្រានោះហើយដែលឯកឧត្តមបានលាចាកលោកទៅ បន្សល់ទុកនូវភាពសោកសៅដល់គ្រួសារសាច់ញាតិ និង មនុស្សជាច្រើនដែលគោរពស្រឡាញ់ឯកឧត្តម។
គួរជម្រាបថា សពរបស់ឯកឧត្តម ស្វាយ ដូត ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង ៣ ផ្ទះលេខ ១ ផ្លូវលេខ ៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖