ក្រសួងបញ្ជាក់ច្បាស់ៗ! មេដាយស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ មានអត្ថន័យពិសេស
គិតត្រឹមថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ គឺសល់តែរយៈពេលត្រឹមតែ ៧៧ ថ្ងៃប៉ុណ្ណោះ នឹងឈានទៅដល់ថ្ងៃប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣។
ទន្ទឹមទៅនឹងព្រឹត្តិការណ៍កីឡាដ៏ធំដែលកៀកខិតជិតមកដល់នេះ នៅរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញមេដាយស៊ីហ្គេមឆ្នាំ ២០២៣ ផលិតនៅប្រទេសសិង្ហបុរី ធ្វើពីដែកពិសេសបំផុត ខណៈរូបរាងមេដាយល្អប្រណីតគួរឱ្យចាប់អារម្មណ៍ និងល្អឯក។
ដោយឡែកក្រសួងក៏បានបង្ហាញអំពីអត្ថន័យពិសេសពីមេដាយស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា ដូចតទៅ ៖
– រូបភាពវិមានឯករាជ្យ ៖ តំណាងឱ្យឯករាជ្យជាតិ។
– រូបភាពវិមានឈ្នះៗ ៖ តំណាងឱ្យនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យប្រទេសជាតិសុខសន្តិភាពបរិបូររុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។
– រូបភាពធំកណ្ដាល គឺពហុកីឡដ្ឋានជាតិមរតកតេជោ ៖ ដែលតំណាងឱ្យសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណីតភាពព្រមទាំងមានរចនាបថពិសេសៗទៀត។
– នៅផ្នែកម្ខាងទៀតជារូបភាពនៃឡូហ្គោស៊ីហ្គេម ២០២៣ ៖ ដែលមានរូបនាគ ៤ ដែលតំណាងឱ្យភាពអស្ចារ្យរុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ។
– នៅជុំវិញនិម្មិតសញ្ញាកីឡា មានផ្ការំដួល ៖ ដែលជាផ្កាតំណាងជាតិ ៧ ទង តំណាងឱ្យថ្ងៃ ៧ មករា៕