កាលពីថ្មីៗនេះ សារព័ត៌មាន Ettoday បានរាយការណ៍ពីករណីរបស់បុរសជនជាតិចិនម្នាក់ វ័យ ២៦ ឆ្នាំ បានកើតជំងឺស្ទះសរសៃឈាមខួរក្បាល មូលហេតុដោយសារតែការស្ពាយកាបូបធ្ងន់រាល់ថ្ងៃពេក។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះតែងតែស្ពាយកាបូបទម្ងន់ប្រហែលជា ១៥ គីឡូជាប្រចាំ ហើយថ្ងៃមួយគេក៏មានអាការវិលមុខ និង ស្រវាំងភ្នែក ទើបក្រុមគ្រួសារក៏បានបញ្ជូនមកថតពិនិត្យមើលនៅមន្ទីរពេទ្យ។ ការពិនិត្យរកឃើញថាបុរសរូបនេះមានការស្ទះសរសៃឈាមក្នុងខួរតូច និង ខួរខាងស្តាំ ព្រមទាំងរហែកសរសៃឈាមក្នុងឆ្អឹងខ្នងផ្នែកខាងស្តាំទៀតផង។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា កត្តាទាំងនេះគឺបណ្តាលមកពីការព្យាយាមលើក និង ស្ពាយកាបូបដែលលើសទម្ងន់ធ្ងន់ជាប្រចាំ ហើយគ្រូពេទ្យក៏បានដាស់តឿនទៀតថា ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺដែលគំរាមកំហែងដល់សុខភាពធ្ងន់ធ្ងរ បើសិនជាស្រវាំងភ្នែក អវយវៈរាងកាយទន់ខ្សោយ មាត់វៀច និយាយមិនច្បាស់ គួរតែប្រញាប់ទៅមន្ទីរពេទ្យ ចៀសវាងការយឺតពេលក្នុងការព្យាបាល៕
ប្រភព៖ Sanook