បើរំឭកដល់ ការប្រកួតកម្មវិធីចម្រៀងលំដាប់អន្តរជាតិ Cambodian Idol រដូវកាលទី ៥ មហាជនច្បាស់ជានៅចាំនៅឡើយបេក្ខជន Top 6 លោក ទិត សិរីវឌ្ឍនា ដែលត្រូវបានគេលើកឡើងថាមានរូបសម្រស់ស្រដៀងនឹងតារាសម្តែងប្រុស Bosco Wong។

កាលនោះ បើទោះជាមិនអាចលើកពានក្នុងកម្មវិធីប្រកួតខាងលើក្តី តែលោក ទិត សិរីវឌ្ឍនា នៅតែទទួលបានប្រជាប្រិយភាព ដោយបន្តការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ក្នុងនោះ តារាចម្រៀងប្រុសជំនាន់ក្រោយរូបនេះ ក៏បានចេញបទចម្រៀងផ្ទាល់ខ្លួន និង មានឱកាសបានក្លាយទៅជាតារាសម្តែងភាពយន្តថែមទៀតផង។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ លោក ទិត សិរីវឌ្ឍនា មានឱកាសក្លាយទៅជាតួឯកក្នុងខ្សែភាពយន្តដំបូងរបស់លោក ដែលជាខ្សែភាពយន្តរន្ធត់ខ្នាតធំរឿង «សងដៃខ្ញុំវិញ» ទទួលបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីការចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ភាពយន្តលោក ទិត សិរីវឌ្ឍនា បានសម្តែង ដែលជាភាពយន្តរន្ធត់ខ្នាតធំខាងលើនឹងត្រៀមចាក់បញ្ចាំងនៅឯប្រទេសមីយ៉ាន់ម៉ាផងដែរ។

គួរជម្រាបថា បន្ទាប់ពីក្តោបបានតំណែងតួឯកក្នុងភាពយន្តរន្ធត់ «សងដៃខ្ញុំវិញ» ហើយនោះ ប្រុសសង្ហា ទិត សិរីវឌ្ឍនា ក៏បានក្តោបឱកាសលើអាជីពជាតារាសម្តែង ក្នុងការសម្តែងភាពយន្តជាបន្តបន្ទាប់ផងដែរ៕



