បើនិយាយពីទំនាក់ទំនងស្នេហារវាង នាយព្រែក និង តារាសម្ដែងស្រីវ័យក្មេង ឈិន មុន្នីនាថ ក្រោយពីបើកចំហចំណងស្នេហ៍ជាសាធារណៈប៉ុន្មានឆ្នាំមកនេះ តារាប្រុសស្រីគូនេះ កាន់តែបង្ហាញភាពផ្អែមល្ហែមយ៉ាងស្អិតល្មួត និង បណ្ដើរគ្នាទៅណាមកណាយ៉ាងត្រសងមិនដែលខានឡើយ សូម្បីតែចូលរួមកម្មវិធីផ្សេងៗក៏លេចមុខជាមួយគ្នា និង បញ្ចេញកាយវិការយកចិត្តទុកដាក់នឹងគ្នាមិនដែលលស់ដែរ។
ដ្បិតតែបានទាក់ទងស្រឡាញ់យល់ចិត្តគ្នាជាច្រើនឆ្នាំហើយមែន ប៉ុន្តែគូស្នេហ៍មួយគូនេះ ក៏ពុំទាន់បង្ហើបដំណឹងល្អដឹកដៃគ្នាចូលរោងការសាងគ្រួសារឡើយ ខណៈគ្រួសារទាំងសងខាងក៏បានដឹងឮត្រូវរូវគ្នារួចអស់ហើយដែរ គ្រាន់តែពេលនេះ ឃើញថាអ្នកទាំងពីរកំពុងមមាញឹកខ្លាំងផ្ដោតលើការងារទាំងសិល្បៈ និង មុខជំនួញរៀងខ្លួន។
យ៉ាងណាមិញ មកដល់ថ្មីៗនេះ គូស្នេហ៍តារាប្រុសស្រីមួយគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍តាមដានទៀត ខណៈកញ្ញា ឈិន មុន្នីនាថ និង នាយព្រែក បានចូលរួមធ្វើកិច្ចសម្ភាសជាគូក្នុងកម្មវិធី «អ្នកជិតខាង» រៀបរាប់ពីរឿងរ៉ាវជីវិតស្នេហារបស់អ្នកទាំងពីរជាច្រើនផងដែរ។
ក្នុងនោះ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំង ក្រោយពីស្ដាប់ការរៀបរាប់របស់ នាយព្រែក ទៅកាន់គូស្នេហ៍ ដែលបាននិយាយសរសើរពីទឹកចិត្តរបស់ ឈិន មុន្នីនាថ ពូកែយល់ចិត្តយោគយល់ដល់រូបលោកខ្លាំង ទោះលោកជាមនុស្សមិនសូវចេះផ្អែមល្ហែម ពេលខ្លះសម្ដីមិនល្អ ចរិតសោះកក្រោះក្នុងទំនាក់ទំនងស្នេហា ប៉ុន្តែនាងមិនដែលប្រកាន់ នៅតែទ្រាំទទួលយកគ្រប់យ៉ាងរបស់លោកទាំងចំណុចល្អ និង មិនល្អ ដោយសុខចិត្តព្យាយាមយល់ចិត្តកែតម្រូវលោកទៅវិញ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖