បើរំឭកទៅកាន់តារាសម្តែងជើងចាស់ លោក គន្ធ តារាវណ្ណ ច្បាស់ជាមានមហាជនជាច្រើនបានស្គាល់រូបលោកមកហើយ ដោយមុននឹងលាចាកលោកទៅ តារាសម្តែងជើងចាស់រូបនេះបានបន្សល់ទុកស្នាដៃជាច្រើន។
ក្នុងនោះដែរ គេចាំបានថា លោក គន្ធ តារាវណ្ណ ក៏មានកូនប្រុសបង្កើតឈ្មោះគឺលោក គន្ធ ជីវ័ន្ត ដែលបានសាងកេរ្តិ៍ឈ្មោះលើវិស័យសិល្បៈក្នុងនាមជាពិធីករផ្នែកកីឡាផងដែរ ប៉ុន្តែជាអកុសលលោក គន្ធ ជីវ័ន្ត ក៏បានទទួលមរណភាពក្រោយឪពុកប្រមាណជាង ១ ឆ្នាំ។
ដោយឡែក ក្នុងចំណោមកូនប្រុសស្រីរបស់តារាសម្តែងជើងចាស់ គន្ធ តារាវណ្ណ នៅមានកូនស្រីរបស់លោកមួយរូបទៀត ដែលកំពុងបន្តសាងកេរ្តិ៍ឈ្មោះជូនជាតិ បើទោះជាមិនបានស្នងតំណែងលើវិថីសិល្បៈដូចឪពុកក្តី។ ក្នុងនោះ កូនស្រីរបស់លោក គន្ធ តារាវណ្ណ មានឈ្មោះថា គន្ធ វណ្ណនីតា គឺជាកីឡាការិនីគុនចម្រុះជម្រើសជាតិរបស់កម្ពុជា។
កញ្ញា គន្ធ វណ្ណនីតា កូនស្រីបង្កើតលោក គន្ធ តារាវណ្ណ គឺជាម្ចាស់មេដាយសំរិទ្ធ Sea Game ឆ្នាំ ២០២២ និង មេដាយប្រាក់ក្នុងព្រឹត្តិការណ៍ប្រកួតចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី ២។ លើសពីនោះ កញ្ញា គន្ធ វណ្ណនីតា ក៏ជាកីឡាការិនីមានកេរ្តិ៍ឈ្មោះ សាងកិត្តិយសជូនកម្ពុជាជាច្រើនក្នុងក្នុងនាមជាកីឡាការិនីគុនចម្រុះថែមទៀត៕