ផ្ទុះការជជែកគ្នាបែកផ្សែង ជុំវិញព័ត៌មានស្នេហា Lim Ji Yeon ថាអាចមកពីក្រុមហ៊ុនចង់ធ្វើស៊ីនាង
កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ សារព័ត៌មានកូរ៉េ Dispatch ព្រមទាំងក្រុមហ៊ុនរបស់ តារាប្រុស Lee Do Hyun និង តារាស្រី Lim Ji Yeon បានប្រកាសថា តារាសម្ដែងក្នុងរឿង «The Glory» ទាំងពីរនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា។
ដោយឡែក ក្រោយផ្ទុះចចាមអារ៉ាមមិនទាន់បានប៉ុន្មានផង ស្រាប់តែក្រុមហ៊ុន Artist Company របស់តារាស្រី Lim Ji Yeon បានបញ្ជាក់អំពីទំនាក់ទំនងស្នេហារបស់សិល្បករពួកគេ ដោយបានរៀបរាប់ថា ៖ «Lim Ji Yeon និង Lee Do Hyun បានចាប់ផ្ដើមពីមិត្តរួមការងារ រហូតឈានមកដល់ដំណាក់កាលមើលចិត្តគ្នា ហើយពួកគេកំពុងមានអារម្មណ៍ល្អជាមួយគ្នា»។
ជាមួយហេតុផលទាំងនេះ បានធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនបានផ្ទុះការវែកញែកជុំវិញរឿងមួយនេះ ព្រោះដោយសារតែ ព័ត៌មាននៃការទាក់ទងស្នេហារបស់តារាសម្ដែង Lim Ji Yeon ត្រូវបានបែកធ្លាយ នៅពេលដែលកុងត្រារបស់នាង ជាមួយនឹងក្រុមហ៊ុន Artist Company ជិតផុតកំណត់ និង ជាហេតុធ្វើឱ្យពួកគេជាច្រើន បានគិតថា នេះអាចមិនមែនជារឿងចៃដន្យនោះឡើយ។
ដោយឡែក កាលពីថ្ងៃទី ២ ខែមេសា កន្លងទៅនេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បានបង្ហោះសារមួយទៅកាន់បណ្ដាញសង្គមសម្រាប់ជជែកពិភាក្សាមួយ ព្រមទាំងបន្ថែមជាមួយនឹងអត្ថបទព័ត៌មានអំពីការពិតដែលថា ៖ «កិច្ចសន្យាជាសិល្បការិនីរបស់ Lim Ji Yeon ជាមួយក្រុមហ៊ុនបច្ចុប្បន្នរបស់នាង នឹងផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ ២០២៣ នេះហើយ»។
អ្នកនិយមលេងអ៊ីនធឺណិតរូបនោះដដែល បានសរសេរបន្ថែមទៀតថា ៖ «មើលទៅមើល ថាតើហេតុអ្វីក្រុមហ៊ុនបានបញ្ជាក់ទំនាក់ទំនងរបស់នាង នៅពេលដែលនាងត្រៀមនឹងប្ដូរក្រុមហ៊ុនបែបនេះទៅវិញ? ហើយរឿងបែបនេះ មិនមែនទើបតែកើតឡើងម្ដងនោះទេ ក្នុងវិស័យសិល្បៈកូរ៉េ»។
សរុបជារួមមក គោលបំណងដែលអ្នកបង្ហោះសាររូបនេះបានធ្វើឡើង គឺពួកគេបានធ្វើការសន្មតថាក្រុមហ៊ុនហាក់អាចមានគោលបំណងចង់ដាក់សម្ពាធឱ្យតារាស្រីរូបនេះ បន្តកុងត្រាជាមួយពួកគេបន្ថែមទៀត។ រីឯ ការពិតជាយ៉ាងណា មានតែរង់ចាំការបកស្រាយផ្ទាល់ពីភាគីខាងក្រុមហ៊ុនបន្ថែមតែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា បន្ទាប់ពីការចេញផ្សាយព័ត៌មានស្នេហារបស់នាងហើយ ក៏មានសេចក្តីរាយការណ៍មួយផ្សេងទៀតថា តារាស្រី Lim Ji Yeon បានបន្តកុងត្រា ជាមួយភ្នាក់ងាររបស់នាងបន្ដទៀតហើយ ពោលគឺក្រុមហ៊ុន Artist Company នោះឯង៕