ថ្ងៃកំណើត Taew ស្រាប់តែជាងថតរូបម្នាក់ទម្លាយអត្តចរិតរបស់ Pranai មួយដែលតែងធ្វើចំពោះសង្សារ
ចាប់តាំងពីថ្ងៃផ្តើមស្នេហ៍ដំបូងមកទល់ពេលនេះ Taew និង គូស្នេហ៍ហាយសូរ Pranai ហាក់មិនទាន់ធ្លាយដំណឹងថាពេលណានឹងកាន់ដៃគ្នាចូលរោងការនោះទេ។ បើទោះបីជាដំរួយរៀបការមិនទាន់ឮក៏ដោយ តែបើនិយាយពីរឿងផ្អែមល្ហែមវិញគូស្នេហ៍មួយគូនេះមិនឱ្យចាញ់គូស្នេហ៍ដទៃឡើយ។
បើងាកមកមើលថ្ងៃកំណើតរបស់ Taew កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅវិញរឹតកាន់តែផ្អែម បើទោះនាងមិនបានរៀបចំពិធីធំដុំអ្វីក៏ដោយ តែគូស្នេហ៍មួយគូនេះកាន់ដៃគ្នាទៅញុំាអាហារយ៉ាងរ៉ូមែនទិក។ ជាក់ស្តែង អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺក្នុងថ្ងៃពិសេសននោះដែរ គេឃើញមានជាងថតរូបប្រចាំខ្លួនរបស់គូស្នេហ៍មួយគូនេះបានលាតត្រដាងពីអត្តចរិតរបស់ហាយសូរ Pranai ទៀតផង។
ក្នុងនោះ ជាងថតរូបនោះបានបង្ហោះរូប Taew និង ហាយសូរ Pranai កាន់កាបូប ដោយភ្ជាប់ជាមួយខេបសិនថា ៖ «ជាញឹកញាប់ណាស់ដែលបុរសល្អម្នាក់នេះតែងជួយកាន់កាបូបឱ្យសង្សារ និង ដឹងទុក្ខធុរៈមករហូត តែថ្ងៃនេះខាងស្រីសុំប្តូរមកជួយកាន់ឱ្យខាងប្រុសម្តង រូបនេះជារូបដែលខ្ញុំលួចថតទុក រីករាយថ្ងៃកំណើតប្អូនស្រី»៕