ថ្មីៗនេះ ជំងឺកូវីដ ១៩ កំពុងតែផ្ទុះនៅក្នុងប្រទេសថៃឡើងវិញហើយ ដែលបង្កឱ្យមានការព្រួញបារម្ភយ៉ាងខ្លាំង ដោយក្នុងនោះ ទីក្រុងបាងកកមានអ្នកឆ្លងច្រើនជាងគេ។

តាមព័ត៌មានបានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ រហូតដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ មានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ១៣ ២៦៦ ករណី មានទាំងអ្នកព្យាបាលនៅក្នុងមន្ទីរពេទ្យ និង នៅខាងក្រៅ ព្រមទាំងមានអ្នកស្លាប់ចំនួន ២ ករណី។ ដោយឡែក ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ៦ ៨៤០ ករណី និង មានអ្នកស្លាប់ ១ ករណី។ នៅក្នុងការឆ្លងទាំងអស់នេះ ទីក្រុងបាងកកមានអ្នកឆ្លងច្រើនជាងគេបំផុត ហើយជាជំងឺកូវីដប្រភេទថ្មីគឺ LP.8.1 ប៉ុន្តែវាមិនធ្ងន់ធ្ងរដូចជាប្រភេទ Omicron ឡើយ។

យ៉ាងណាមិញ ការឆ្លងខាងលើនេះ ត្រូវបានគេសន្និដ្ឋានថាអាចបណ្តាលមកពីការជួបជុំគ្នា ឬលេងទឹកកាលពីវិសម្សកាលចូលឆ្នាំថ្មីកន្លងទៅនេះឯង ដែលកាលនោះមហាជនយ៉ាងច្រើនបានផ្តុំគ្នាយ៉ាងកុះករជាច្រើនថ្ងៃ នេះអាចជាកត្តាដែលបណ្តាលឱ្យជំងឺកូវីដអាចជ្រៀតខ្លួនចូលមកសាជាថ្មី៕

ប្រភព៖ Thairath