កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ ឧបនាយរដ្ឋមន្រ្តីថៃ Thammanat Prompao បានផ្ដល់បទសម្ភាសទាក់ទងនឹងការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមរបស់ថៃ ខណៈទៅសំណេះសំណាលលើកទឹកចិត្តឱ្យក្រុមកីឡាហែលទឹកជម្រើសជាតិថៃ។

ក្នុងនោះ លោក Thammanat Prompao បានអះអាងថាទីលាន និងកន្លែងប្រកួតផ្សេងៗមានភាពរួចរាល់ ១០០ ភាគរយ ក្រោមកញ្ចប់ថវិកាដែលមានពេលនេះ ហើយលោកជឿជាក់ថា ថ្ងៃបើកព្រឹត្តិការណ៍ខាងមុខនេះ អ្វីគ្រប់យ៉ាងនឹងត្រៀមរួចរាល់ទាំងអស់។ ដោយឡែក ចំពោះបញ្ហារឿងត្រូវគេប្រៀបធៀបជាមួយកម្ពុជា លោកបានឱ្យដឹងថាស៊ីហ្គេមឆ្នាំ ២០២៣ មិនមែនកម្ពុជាជាអ្នករៀបចំទេ គឺប្រទេសចិនជួយរៀបចំទាំងអស់ ចំណែកប្រទេសថៃពឹងសមត្ថភាពខ្លួនឯង ១០០ ភាគរយ ហើយមានរយៈពេលតែជាង ២ ខែក្នុងការរៀបចំប៉ុណ្ណោះ ដូច្នេះបើផ្សាយព័ត៌មានអ្វីសូមផ្សាយការពិត។

យ៉ាងណាមិញ ចំពោះការរិះគន់ថារដ្ឋាភិបាលដួលរលំក្នុងការរៀបចំស៊ីហ្គេមនោះ លោកបានតបតថា មិនទាំងចាប់ផ្តើមផងដួលរលំយ៉ាងម៉េច លោកនឹងធ្វើឱ្យល្អជាទីបំផុត សូមមហាជនរង់ចាំមើលថ្ងៃបើកព្រឹត្តិការណ៍ចុះ ជាពិសេសក្នុងនាមជាម្ចាស់ផ្ទះគួរតែឱ្យកម្លាំងចិត្តគ្នា មិនមែនមិនទាន់បើកពិធីផងក៏នាំគ្នារិះគន់បាត់ទៅហើយទេ៕

ប្រភព៖ MCOT